(វើជីនៀ)៖ អ្នកវិភាគមកពីទីភ្នាក់ងារវាយតម្លៃ Moody's និង S&P បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាមេរិកទំនងជានឹងមិនអាចសម្រេចបានគោលដៅផលិតយន្តហោះម៉ូដែល 737 MAX ដ៏សំខាន់របស់ខ្លួននៅឆ្នាំ២០២៤នេះ ដោយនិយាយថា ក្រុមហ៊ុនប្រឈមមុខនឹងបញ្ហាខណៈពេលការ កែលម្អយន្តហោះដែលលក់ដាច់បំផុតរបស់ខ្លួននេះ។

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គោលដៅផលិតកម្មរបស់ក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិកនេះ គឺត្រូវផលិតយន្តហោះម៉ូដែល MAX ចំនួន ៣៨គ្រឿងក្នុងមួយខែនៅចុងឆ្នាំ២០២៤ នេះ ពោលគឺកើនឡើងពីចំនួន ២៥គ្រឿងក្នុងមួយខែក្នុងខែកក្កដា។

ប៉ុន្តែក្រុមហ៊ុន Moody's និងក្រុមហ៊ុន S&P បានឱ្យដឹងថា គោលដៅនេះអាចនឹងមិនសម្រេចបានរហូតដល់ឆ្នាំ២០២៥ ដោយសារតែហានិភ័យនានា ដូចជាការអាក់ខានការងារដែលអាចកើតមាននៅកន្លែងផលិតយន្តហោះ នៅក្នុងទីក្រុង Seattle។ ទោះជាយ៉ាងណា ទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ឥណទានទាំងពីរនេះ បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រុមហ៊ុន Boeing មិនប្រឈមមុខភ្លាមៗទៅនឹងហានិភ័យនៃការទម្លាក់ចំណាត់ថ្នាក់ឥណទាន ដែលនឹងធ្វើឱ្យចំណាត់ថ្នាក់ឥណទានរបស់ក្រុមហ៊ុនទាំងពីរ ធ្លាក់ចុះដល់កម្រិតមិនល្អនោះទេ។

លោក Jonathan Root ជាអ្នកវិភាគនាំមុខអំពី Boeing មកពីក្រុមហ៊ុន Moody's បានសន្មត់ថា ក្រុមហ៊ុនផលិតយន្តហោះអាមេរិកនេះនឹងអាចផលិតយន្តហោះ MAX បានតែ ៣២គ្រឿងប៉ុណ្ណោះក្នុងមួយខែនៅចុងឆ្នាំ២០២៤នេះ ហើយឈានដល់កម្រិតគោលដៅចំនួន ៣៨គ្រឿងនៅឆមាសទីពីរឆ្នាំ២០២៥។

លោក Ben Tsocanos នាយកផ្នែកអាកាសចរណ៍នៅក្រុមហ៊ុន S&P Global Ratings បានមានប្រសាសន៍ថា៖ «យើងមើលឃើញហានិភ័យក្នុងការឈានដល់ចំនួននោះ (៣៨គ្រឿង) រួមទាំងការចរចាអំពីការងារ និងប្រវត្តិរបស់ក្រុមហ៊ុន ក្នុងការចែកចាយយន្តហោះតិចជាងគោលដៅ»។ លោកបានបន្ថែមថា៖ «យើងមើលឃើញថា ការបង្កើននិងស្ថិរភាពផលិតកម្មយន្តហោះ MAX ថាជាការចាំបាច់ ដើម្បីបង្កើតលំហូរសាច់ប្រាក់ដោយសេរី ពោលគឺជាអ្វីដែលនៅទីបំផុតយើងពិនិត្យមើល សម្រាប់ការវាយតម្លៃ [ចំណាត់ថ្នាក់ឥណទាន]»