(ប៉ារីស)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បារាំងបានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ដែលបានឈានចូលថ្ងៃបញ្ចប់នៅថ្ងៃអាទិត្យ បានផ្តល់ការជំរុញដែលត្រូវការជាចាំបាច់ ដល់សេដ្ឋកិច្ចបារាំង ខណៈដែលអាជីវកម្មផ្សេងៗដូចជាសណ្ឋាគារ បារ៍ ភោជនីយដ្ឋាន និងសារមន្ទីរទទួលបានភ្ញៀវច្រើន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីរ របស់តំបន់ចាយប្រាក់អឺរ៉ូនេះ បាននិងកំពុងពឹងផ្អែកលើព្រឹត្តិការណ៍កីឡានេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលថមថយរបស់ខ្លួន ដោយការិយាល័យស្ថិតិជាតិបារំាងបានព្យាករថា នឹងទទួលបានកំណើនសេដ្ឋកិច្ច ០,៣ពិន្ទុភាគរយពីការលក់សំបុត្រ និងសិទ្ធិផ្សាយផ្ទាល់តាមទូរទស្សន៍ និងពីទេសចរណ៍ដែលចូលមកទស្សនា កាន់តែច្រើនក្នុងព្រឹត្តិការណ៍នេះ។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ រដ្ឋមន្ត្រីក្រសួងទេសចរណ៍អ្នកស្រី Olivia Gregoire បានប្រាប់កាសែតបារាំង La Tribune Dimanche ក្នុងបទសម្ភាសមួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា ចំនួនមនុស្សស្នាក់នៅសណ្ឋាគារក្នុងទីក្រុងនានា របស់បារាំងដែលរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបានកើនឡើង ១៦ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អ្នកស្រីបាននិយាយថា ចំនួនមនុស្សទៅទស្សនាសារមន្ទីរទីក្រុងប៉ារីស និងចំណាយប្រាក់នៅក្នុងភោជនីយដ្ឋាន និងបារ៍នៅក្នុងរដ្ឋធានីបារីសក៏មានការកើនឡើងជាមធ្យម ២៥ភាគរយផងដែរ។

ក្រុមហ៊ុន Visa ដែលប្រតិបត្តិករប័ណ្ណធនាគារ និងប្រតិបត្តិការហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងជាអ្នកឧបត្ថម្ភកីឡាអូឡាំពិក បានឱ្យដឹងកាលពីដើមខែនេះថា ទិន្នន័យប្រតិបត្តិការប័ណ្ណរបស់ខ្លួនបង្ហាញថា អាជីវកម្មខ្នាតតូចនៅទីក្រុងប៉ារីស ទទួលបានអត្ថប្រយោជន៍ពីការកើនឡើងការលក់។

កាលពីថ្ងៃសុក្រសប្តាហ៍មុន ធនាគារកណ្តាលរបស់ប្រទេសបារាំងក៏បានឱ្យដឹងផងដែរថា សេដ្ឋកិច្ចរបស់ប្រទេសបារាំង កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកកំណើនយ៉ាងហោចណាស់ ០,៣៥ភាគរយនៅក្នុងត្រីមាសទី៣ ដែលត្រូវបានជំរុញជាបណ្តោះអាសន្នពីសកម្មភាពនានាទាក់ទងនឹងកីឡាអូឡាំពិក៕