(សិង្ហបុរី)៖ ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម (MTI) សិង្ហបុរីបានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសសិង្ហបុរីបានដំឡើងការព្យាករកំណើនផលិតផល ក្នុងស្រុកសរុប (GDP) របស់ខ្លួនសម្រាប់ឆ្នាំ២០២៤ដល់ចន្លោះពី ២ភាគរយទៅ ៣ភាគរយបន្ទាប់ពីសម្រេចបានកំណើនល្អជាងការរំពឹងទុក នៅឆមាសទីមួយឆ្នាំនេះ។ នេះបើយោងតាមកាសែត Channel News Asia។

កាសែត Channel News Asia បានរាយការណ៍ថា ការព្យាករមុនបានបង្ហាញថា សេដ្ឋកិច្ចសិង្ហបុរីអាចមានកំណើនពី ១ភាគរយទៅ ៣ភាគរយ។ កំណើនសេដ្ឋកិច្ចរបស់សិង្ហបុរីជាមានមធ្យមមាន ៣ភាគរយសម្រាប់រយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មបានឱ្យដឹងថា សេដ្ឋកិច្ចបានកើនឡើង ២,៣ភាគរយនៅក្នុងត្រីមាសទី២ ស្របតាមការប៉ាន់ស្មានជាន់ខ្ពស់របស់ក្រសួង ដែលបានចេញផ្សាយកាលពីខែមុន និងទាបជាងបន្តិចធៀបនឹងអត្រា ៣ ភាគរយដែលបានកត់ត្រានៅក្នុងត្រីមាសទីមួយ។ សេដ្ឋកិច្ចវិទូនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានព្យាករថា សេដ្ឋកិច្ចសិង្ហបុរីនឹងមានកំណើន ២,៧ភាគរយសម្រាប់ត្រីមាសទីពីរ។

ក្រសួងបានឱ្យដឹងទៀតថា កំណើននៅក្នុងត្រីមាសទីពីរត្រូវបានជំរុញជាចម្បងដោយពាណិជ្ជកម្មលក់ដុំ ហិរញ្ញវត្ថុ និងធានារ៉ាប់រង និងវិស័យព័ត៌មាននិងទូរគមនាគមន៍ ស្របពេលដែលវិស័យផលិតកម្មបានធ្លាក់ចុះ ភាគច្រើនដោយសារតែការធ្លាក់ចុះ នៅក្នុងចង្កោមផលិតកម្មជីវវេជ្ជសាស្ត្រ ជាទីដែលមានការធ្លាក់ចុះយ៉ាងខ្លាំងនូវទិន្នផលឱសថ។ ការធ្លាក់ចុះនេះបានជួយប៉ះប៉ូវមកវិញ ដោយសារកំណើននៅក្នុងចង្កោមគ្រឿងអេឡិចត្រូនិក ដែលត្រូវបានគាំទ្រដោយសារមានតម្រូវការខ្លាំង នូវស្មាតហ្វូន កុំព្យូទ័រ និងបន្ទះឈីបដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត។ នេះបើយោងតាមកាសែត Channel News Asia៕