(ភ្នំពេញ)៖ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានលើកឡើងថា ប្រទេសចិន ជាប្រភពវិនិយោគបរទេសដ៏ធំរបស់កម្ពុជា ខណៈនៅឆមាសទី១ ឆ្នាំ២០២៤នេះ ការវិនិយោគចិន នៅក្នុងប្រទេសកម្ពុជា មានចំនួន ១ ៣៨០លានដុល្លារសហរដ្ឋអាមេរិក។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកអ្នកឧកញ៉ា ពុង ឃាវសែ អញ្ជើញចូលរួម ក្នុងសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌រវាង រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលទីក្រុងសានថូវ ខេត្តក្វាងតុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រទេសចិន គឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតរបស់កម្ពុជា រយៈពេលជាច្រើនឆ្នាំ។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ការវិនិយោគរបស់ប្រទេសចិន នៅក្នុងប្រទេសកម្ពុជា មានចំនួន១ ៣៨០លានដុល្លារអាមេរិក ស្មើនឹង៤២.៦% នៃការវិនិយោគសរុប»។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានលើកឡើងទៀតថា ការវិនិយោគផ្ទាល់របស់ចិន ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគ លើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា បង្កើតឱកាសការងារកាន់តែច្រើន សម្រាប់ប្រជាជនកម្ពុជា និងជួយកម្ពុជាសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។
ទន្ទឹមគ្នានេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយថ្មីៗ ជាបន្តបន្ទាប់ ដើម្បីបន្តកែលម្អបរិយាកាសធុរកិច្ច រួមមាន៖ ការអនុញ្ញាតឲ្យវិនិយោគិនបរទេស អាចកាន់កាប់ភាគហ៊ុន១០០% និងផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធ សម្រាប់ការវិនិយោគនៅក្នុងឧស្សាហកម្មសំខាន់ៗជាដើម។
លោកអ្នកឧកញ៉ា ពុង ឃាវសែ បានឲ្យដឹងទៀតថា នៅខែតុលា ឆ្នាំ២០២១ កម្ពុជាបានអនុម័ត «ច្បាប់វិនិយោគថ្មី» ដែលគាំទ្រយ៉ាងសកម្មដល់ឧស្សាហកម្ម ដែលបំពេញតម្រូវការអភិវឌ្ឍជាតិ តាមរយៈការសម្រួលនីតិវិធីវិនិយោគ និងបង្កើនការលើកទឹកចិត្តពន្ធ លើកទឹកចិត្តការវិនិយោគ និងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ពិពិធកម្មឧស្សាហកម្ម។
លោកអ្នកឧកញ៉ាបន្ដថា នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដោយផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍន៍សង្គមឌីជីថលជាដើម ដើម្បីដោះស្រាយកង្វះខាត ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា និងបង្កើនភាពទាក់ទាញនៃការវិនិយោគ។
បើតាមលោកអ្នកឧកញ៉ា ពុង ឃាវសែ, សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា គឺជាសមាគមដ៏សំខាន់មួយ ដែលបន្តប្រវត្តិនៃការអភិវឌ្ឍន៍សហគមន៍ចិននៅកម្ពុជា ជាងមួយរយឆ្នាំមកហើយ បានប្រមូលផ្តុំឥស្សរជន និងសហគ្រាសពាណិជ្ជកម្មបងប្អូនខ្មែរ ខ្សែស្រឡាយចិនជាច្រើន។
ដោយគុណសម្បត្តិរបស់បងប្អូនខ្សែស្រឡាយចិន ក្នុងប្រទេស គឺយល់ច្បាស់ពីវប្បធម៌ និងភាសាទាំងពីរប្រទេស បានធ្វើជាស្ពានសម្រាប់ផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន លើកកម្ពស់មិត្តភាព កម្ពុជា-ចិន ទាក់ទាញវិនិយោគទុនបរទេស នឹងជួយសម្របសម្រួលដល់ពាណិជ្ជករចិន ដែលមកវិនិយោគនៅប្រទេសកម្ពុជា៕