(ភ្នំពេញ)៖ រយៈពេល៧ខែ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ២៧១លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ មានចំនួន២៦៩ ០០៧ ១៦១ ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន២ ០៨៨ ៦៤៦ដុល្លារ»

បើតាមរបាយការណ៍, គិតត្រឹមខែកក្កដា ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥៤៧ដុល្លារ ក្នុង១តោន កើនឡើងចំនួន១៤៧ដុល្លារ ក្នុង១តោន ស្មើនឹង១០.៤៧% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកក្កដា ឆ្នាំ២០២៤ មានតម្លៃ១៩១ដុល្លារ ក្នុងមួយម៉ែត្រគីប។

សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។

ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕