(ប៉េកាំង)៖ រដ្ឋាភិបាលក្រុងប៉េកាំង បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួនបានដាក់ពាក្យបណ្តឹង ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដកហូតពន្ធបន្ថែម របស់សហភាពអឺរ៉ុបលើការនាំចូលយានយន្តអគ្គិសនី ពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

កាលពីខែកក្កដា ឆ្នាំនេះ សហភាពអឺរ៉ុបបានដកហូតពន្ធគយបន្ថែម បណ្តោះអាសន្នរហូតដល់ ៣៨ភាគរយ លើរថយន្តអគ្គិសនីរបស់ប្រទេសចិន បន្ទាប់ពីគណៈកម្មការអឺរ៉ុបបានសម្រេចចិត្ត ក្នុងការស៊ើបអង្កេតមួយថា រថយន្តអគ្គិសនីរបស់ចិន បានធ្វើឱ្យការប្រកួតប្រជែងក្នុងទីផ្សារអឺរ៉ុប ដោយមិនស្មើភាព។

ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដី របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន ខណៈថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ «កាលពីថ្ងៃទី៩ ខែសីហា ប្រទេសចិន បានដាក់ពាក្យប្តឹងទៅកាន់ក្រុមការងារដោះស្រាយវិវាទ របស់អង្គការពាណិជ្ជកម្មពិភពលោក ប្រឆាំងនឹងវិធានការប្រឆាំងនឹងការឧបត្ថម្ភធនបណ្តោះអាសន្ន របស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនី»

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ពាក្យបណ្តឹងនេះមានគោលបំណង «ការពារសិទ្ធិអភិវឌ្ឍន៍ និងផលប្រយោជន៍នៃឧស្សាហកម្មរថយន្តអគ្គិសនី និងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរ ឆ្ពោះទៅឧស្សាហកម្មបៃតងជាសកល»

ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងទៀតថា៖ «សេចក្តីសម្រេចបឋមរបស់សហភាពអឺរ៉ុប ខ្វះមូលដ្ឋានជាក់ស្តែង និងផ្លូវច្បាប់ បំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការ WTO និងធ្វើឱ្យប៉ះពាល់ដល់ស្ថានភាពទាំងមូល នៃកិច្ចសហប្រតិបត្តិការពិភពលោក ក្នុងការដោះស្រាយការប្រែប្រួលអាកាសធាតុ»

ក្រសួងបានបន្ថែមថា៖ «យើងជំរុញឱ្យសហភាពអឺរ៉ុប កែតម្រូវជាបន្ទាន់នូវការអនុវត្តខុសរបស់ខ្លួន ហើយរួមគ្នារក្សាស្ថិរភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហភាពអឺរ៉ុប ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មរថយន្តអគ្គិសនី»