(ភ្នំពេញ)៖ បើទោះបីជាកំណើនសេដ្ឋកិច្ចបង្ហាញនិន្នាការកើនឡើងក្នុងកម្រិតល្អវិញក៏ដោយ ប៉ុន្តែងាកមើលវិស័យអចលទ្រព្យវិញហាក់មិនទាន់វិលមកស្ថានភាពល្អប្រសើរវិញនោះទេ ដោយគេសង្កេតឃើញថា ចំនួនអ្នកលក់ច្រើនជាងទិញ ហេតុនេះហើយធ្វើឱ្យតម្លៃទ្រព្យធ្លាក់ចុះគួរឱ្យកត់សម្គាល់។

អ្នកជំនាញអចលទ្រព្យបានលើកឡើងថា ស្របពេលដែលតម្លៃអចលនទ្រព្យកំពុងធ្លាក់ចុះ គឺឱកាសសម្រាប់អ្នកមានតម្រូវការអចលទ្រព្យ ដូចជាផ្ទះឬដី ដែលពួកគេអាចទិញបានក្នុងតម្លៃសមរម្យ។

លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានលើកឡើងថា សម្រាប់អ្នកដែលមានតម្រូវការអចលនទ្រព្យពិតប្រាកដ ហើយមានលុយទិញអចលនទ្រព្យដោយខ្លួនឯង ក្នុងស្ថានភាពនាពេលនេះគឺជាឱកាសល្អក្នុងការទិញ ព្រោះមិនងាយដែលតម្លៃអចលនទ្រព្យធ្លាក់ចុះនោះទេ។ ប៉ុន្តែក្នុងករណីគ្មានលុយក្នុងដៃ ហើយត្រូវខ្ចីធនាគារដើម្បីទិញអចលនទ្រព្យណាមួយនោះ ត្រូវអង្កេតមើលពីចំណូល ស្ថានភាពអាជីវកម្ម ឬស្ថានភាពការងារ ថាតើមានសុវត្ថិភាពដែរឬទេ ក្នុងការទៅខ្ចីលុយធនាគារយកទៅទិញអចលនទ្រព្យដែលខ្លួនត្រូវការ ហើយមានលទ្ធភាពអាចសងត្រឡប់ជាប្រចាំទៅបាន។

យ៉ាងណាមិញក្នុងស្ថានភាពនេះ លោកមិនលើកទឹកចិត្តដល់អ្នកដែលចង់ទិញ ដើម្បីទុកលក់យកចំណេញ ព្រោះក្នុងស្ថានភាពនេះទិញហើយក៏មិនប្រាកដថាលក់បានចំណេញក្នុងពេលដ៏ខ្លីនោះឡើយ។

ជាមួយគ្នានេះ លោកលើកឡើងផងដែរថា សម្រាប់អ្នកដែលមានបំណុលស្រាប់។ ប្រសិនបើបំណុលនោះជាប់ជាមួយធនាគារ លោកលើកទឹកចិត្តឱ្យជួបពិភាក្សាជាមួយមន្រ្តីធនាគារដើម្បីរកដំណោះស្រាយ និងប្រាប់ពីបញ្ហារបស់ខ្លួន ជៀសវាងការគេចវេស ឬការទៅខ្ចីបំណុលក្រៅផ្លូវការ ដែលនាំឱ្យកើនឡើងបំណុលថែមទៀត និងអត្រាការប្រាក់ខ្ពស់៕