(ភ្នំពេញ)៖ អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា ពលរដ្ឋដែលខ្ចីបំណុលធនាគារមកទិញអចលនទ្រព្យ ដើម្បីទុកលក់យកចំណេញ ត្រូវរងការខាតបង់ ២ដង ​ដោយសារ​តម្លៃអចលនទ្រព្យធ្លាក់ចុះ ហើយកម្ចីធនាគារ​ក៏កើន​ការប្រាក់ ដែលកត្តានេះបាននិងកំពុងជះឥទ្ធិពល​ដល់ការសងត្រឡប់ទៅកាន់ធនាគារ។

លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property បានពន្យល់ថា ក្នុងការទិញអចលនទ្រព្យ ដូចទិញផ្ទះ ទិញដី គឺអ្នកទិញភាគច្រើនសុទ្ធតែខ្ចីបំណុលធនាគារ ដោយមានតែមនុស្សភាគតិចប៉ុណ្ណោះ ដែលមានលុយសុទ្ធរបស់ខ្លួន យកទិញអចលនទ្រព្យ។​​ការដែលពួកគាត់យកកម្ចីមកទិញអចលនទ្រព្យ ដោយសារពួកគាត់រំពឹងថា នឹងទទួលបានផលចំណេញត្រឡប់មកវិញ ប៉ុន្តែជាក់ស្តែងបែរជាលក់មិនចេញ។

លោក គាម សៀកឡុង លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ​ពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា»។ ​

លោកបានកត់សម្គាល់ថា នៅពេលដែលទីផ្សារអចលនទ្រព្យមានភាពរីកចម្រើន ជាពិសេស​​នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ​ពលរដ្ឋភាគច្រើនបានសម្រេចខ្ចីលុយពីធនាគារ ដើម្បីទិញផ្ទះ ទិញដី ​ដោយសារតែស្ថានភាពពេលនោះងាយស្រួលលក់ និងទទួលបានផលចំណេញខ្ពស់ ​ដែលធ្វើឱ្យមនុស្សដណ្តើមគ្នាទិញ ​ដូច្នេះហើយ​ការប្រើប្រាស់បំណុលកាន់តែច្រើន​ឡើងៗ។

លោកបន្តថា នៅពេលដែលស្ថានភាពមិនល្អ ក្រឡាប់ចាក់ពីការរីកចម្រើនមកធ្លាក់ចុះដូចបច្ចុប្បន្ន​ បានធ្វើឱ្យពួកគាត់ជាប់គាំងនៅក្នុងបំណុល ​ព្រោះអចលទ្រព្យដែលគាត់បានទិញ ​លក់បានធូរថ្លៃ។ ខណៈតម្លៃក៏ទាប ស្របពេលដែលតម្លៃអចលនទ្រព្យធ្លាក់ចុះ កម្ចីធនាគារក៏មានការប្រាក់ បានធ្វើឱ្យពួកគាត់រងការខាតបង់ដល់ទៅ២ដង។

លោកបន្ថែមថា ​«នៅពេលវិស័យអចលនទ្រព្យមានបញ្ហា ដែលធ្វើឱ្យយើងពិបាកលក់ ហើយតម្លៃវាក៏ធ្លាក់ចុះ ​ខណៈអ្នកខ្លះមិនទាន់មានទំនុកចិត្តមានលុយ ហើយមិនទាន់បញ្ចេញនោះ ធ្វើឱ្យវាប៉ះដោយប្រយោល ទៅលើវិស័យមួយចំនួន ដូចជាវិស័យលក់រាយ ហាងលក់ទំនិញ ភោជនីយដ្ឋាន វិស័យទេសចរណ៍ ព្រោះនៅពេលដែលមនុស្សអត់លុយ ចាប់ផ្តើមកាត់បន្ថយការចំណាយ ធ្វើឱ្យការរកស៊ីទទួលទាន មានការធ្លាក់ចុះ ​ចំណូលធ្លាក់ចុះ ។ នៅពេលចំណូលធ្លាក់ចុះគាត់ជាប់បំណុលរួចហើយ អ៊ីចឹងគាត់ពិបាកនឹងមានលទ្ធភាព យកទៅសងបំណុល ព្រោះចំណូលធ្លាក់ចុះ តែបំណុលអត់ធ្លាក់ចុះទេ ហើយបំណុលវាជាប់ នៅក្នុងអចលនទ្រព្យ ហើយកាន់តែពិបាកជាងនេះ ទៅទៀតអ្នកខ្លះគាត់ជាប់បំណុលធនាគារហើយ អត់ទាំងបានផ្ទះបានដីទៅទៀត»

​សូមស្តាប់ការពន្យល់បន្ថែមរបស់ លោក គាម សៀកឡុង៖