(ភ្នំពេញ)៖ លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Dream Property ដែលជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានសម្លឹងឃើញថា ស្ថានភាពអចលនទ្រព្យនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ខាងមុខនេះ នឹងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល បានដោះស្រាយបញ្ហាគម្រោងជាប់គាំងមួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ដ ក្នុងការវិនិយោគ ក្នុងវិស័យអចលនទ្រព្យឡើងវិញ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គាម សៀកឡុង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ «ឥទ្ធិពលនៃបំណុល ក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

លោក គាម សៀកឡុង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំយល់ថា នៅឆ្នាំ២០២៥ មានសញ្ញាប្រសើរជាងឆ្នាំ២០២៣ និងឆ្នាំ២០២៤ [...] ទំនុកចិត្ដបានត្រឡប់មកវិញ នៅពេលគម្រោងដែលជាប់គាំងមួយចំនួន ត្រូវបានរាជរដ្ឋាភិបាលព្យាយាមដោះស្រាយ ដែលធ្វើឲ្យទំនុកចិត្ដរបស់ប្រជាពលរដ្ឋ នឹងមានការត្រឡប់មកវិញ ម្យ៉ាងទៀត រាជរដ្ឋាភិ​បាល បានជំរុញការងារជាច្រើន មកលើវិស័យអចលនទ្រព្យ ដោយផ្ទាល់ និងដោយប្រយោល»

បន្ថែមពីនោះទៀត លោក គាម សៀកឡុង បានគូសបញ្ជាក់ថា ចំពោះអ្នកទិញអចលនទ្រព្យ ទុកលក់សម្រាប់ចំណេញ ក្នុងកាលៈទេសៈនេះ គួរតែទុកសិន បើសិនជាមិនទាន់ ត្រូវការសាច់ប្រាក់ជាចាំបាច់ ហើយអ្នកដែលលក់អចលនទ្រព្យនាពេលនេះ ភាគច្រើនពួកគាត់ត្រូវការសាច់ប្រាក់ជាចាំបាច់ ព្រោះថា ទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ន ជាទីផ្សារសម្រាប់អ្នកទិញ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់លោក គាម សៀកឡុង៖