(ញូវដែលី)៖ ការកាត់បន្ថយពន្ធនាំចូលមាសរបស់ឥណ្ឌា ដែលជាប្រទេសប្រើប្រាស់មាសធំទី២ របស់ពិភពលោក បានទម្លាក់តម្លៃមាសនៅក្នុងប្រទេសនេះ ហើយត្រូវបានរំពឹងថា នឹងធ្វើឱ្យតម្រូវការក្នុងស្រុកកើនឡើងវិញ នៅប៉ុន្មានខែខាងមុខនេះ។ នេះបើយោងតាមកាសែត VnExpress។

កាសែត VnExpress បានរាយការណ៍ថា យោងតាមក្រុមប្រឹក្សាមាសពិភពលោក (WGC) ការកាត់បន្ថយពន្ធនាំចូលមាសពី ១៥% មកនៅ ៩% គឺជាវិធានការមួយក្នុងចំណោមគោលនយោបាយគាំទ្រមាសជាច្រើន ដែលបានដាក់ចេញនៅក្នុងថវិកាសហព័ន្ធរបស់ប្រទេសឥណ្ឌា កាលពីចុងខែកក្កដា។

នៅសប្តាហ៍ដែលបានប្រកាសវិធានការនេះ តម្លៃមាសបានធ្លាក់ចុះ នៅក្នុងប្រទេសឥណ្ឌាមកត្រឹម ៦៧ ៥០០រូពី (៨០៥,៦ដុល្លារអាមេរិក) ក្នុងទម្ងន់ ១០ក្រាម ដែលជាតម្លៃទាបបំផុត ក្នុងរយៈពេល ៤ខែ ពោលគឺធ្លាក់ចុះពីតម្លៃខ្ពស់បំផុត ៧៤ ៧៧៧រូពីកាលពីដើមខែកក្កដា។

ក្រុមអ្នកជំនាញក្នុងឧស្សាហកម្មមាសរំពឹងថា ការធ្លាក់ចុះតម្លៃមាស នឹងជំរុញតម្រូវការលោហៈមានតម្លៃនេះ នៅក្នុងប្រទេសប្រើប្រាស់មាសធំទីពីរ ក្នុងពិភពលោកនេះ ជាពិសេសនៅពេលដែលរដូវកាលទិញមាស កំពុងខិតជិតមកដល់។

យោងតាមកាសែត VnExpress តម្រូវការមាស នៅក្នុងប្រទេសឥណ្ឌាជាធម្មតាកើនឡើង ដល់កម្រិតខ្ពស់បំផុត នៅក្នុងត្រីមាសទី៤ ដោយសារតែពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យនានាដូចជាបុណ្យឌុសេរ៉ា (Dussehra) និងបុណ្យឌីវ៉ាលី (Diwali) ជាដើមដោយអ្នកទិញតែងតែកំណត់ពេលទិញ របស់ពួកគេក្នុងឱកាសទាំងនេះ។ យោងតាមក្រុមប្រឹក្សាមាស WGC អាពាហ៍ពិពាហ៍មានចំនួនប្រហែល ៥០% នៃតម្រូវការមាសប្រចាំឆ្នាំ នៅប្រទេសឥណ្ឌា។

ការប្រើប្រាស់មាស របស់ប្រទេសឥណ្ឌានៅត្រីមាសទី២ បានធ្លាក់ចុះ ៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាមុន មកត្រឹម ១៤៩,៧។ ក្រុមប្រឹក្សាមាស WGC បានប៉ាន់ស្មានថា តម្រូវការមាសរបស់ប្រទេសឥណ្ឌាសរុបអាចមានពី ៧០០ ទៅ ៧៥០តោននៅឆ្នាំនេះ។ កាលពីឆ្នាំ២០២៣ ឥណ្ឌាបានប្រើប្រាស់លោហៈមានតម្លៃនេះចំនួន ៧៦១តោន៕