(វ៉ាស៊ីនតោន)៖ និយ័តករសុវត្ថិភាពយានយន្តអាមេរិកបាននិយាយនៅថ្ងៃពុធថា ខ្លួនបានបើកការវាយតម្លៃបឋមទៅលើរថយន្ត Nissan ចំនួន ៧៧ ១៣១គ្រឿងជុំវិញរបាយការណ៍អំពីបញ្ហាម៉ែត្រចង្កូតរថយន្ត (steering tie rod)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិកបាននិយាយថា ការស៊ើបអង្កេតនឹងពាក់ព័ន្ធនឹងរថយន្តម៉ូឌែល Rogue ប្រភេទ Crossover ស៊េរីឆ្នាំ២០២១ របស់ក្រុមហ៊ុន Nissan។ រដ្ឋបាលសុវត្ថិភាពចរាចរណ៍បានបន្ថែមថា ខ្លួនបានចាប់ផ្តើមការស៊ើបអង្កេតនេះបន្ទាប់ពីមានសេចក្តីរាយ ការណ៍អំពីការមិនដំណើរការម៉ែត្រចង្កូតខាងក្នុង ដែលបណ្តាលឱ្យបាត់បង់ដំណើរការគ្រប់គ្រងចង្កូត។

និយតករនេះបានឱ្យដឹងទៀតថា ការវាយតម្លៃនឹងធ្វើទៅលើផលវិបាកដែលទាក់ទងនឹងសុវត្ថិភាព និងវិសាលភាព ភាពកើតមានញឹកញាប់ និងមូលហេតុឫសគល់នៃបញ្ហាដែលចោទឡើង។

កាលពីខែមិថុនា រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបានបើកការស៊ើបអង្កេតដាច់ដោយឡែកមួយទៅលើរថយន្ត Nissan ម៉ូឌែល Rogue Selects ឆ្នាំ២០១៥ ប្រមាណ ៧៥ ០០០គ្រឿង ដើម្បីឆ្លើយតបទៅនឹងសេចក្តីរាយការណ៍ដែលថា ពោងសុវត្ថិភាពនៅចំហៀងរថយន្តបានផ្ទុះដោយឯកឯងនៅក្នុងរថយន្តម៉ូឌែលនេះមួយចំនួន។ នេះបើយោងតាមរ៉យទ័រ៕