(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៤៤ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែកក្កដា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។

សេចក្ដីជូនដំណឹងបានឲ្យដឹងថា ក្នុងខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣៩៦លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៣គម្រោង។

ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែកក្កដា រួមមាន៖
* ក្រៅតំបន់សេដ្ឋកិច្ចពិសេស
គម្រោងពង្រីកផលិតកម្ម របស់គម្រោងវិនិយោគបង្កើតរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំងស្ថិតនៅភូមិក្រាំងទា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ បន្ថែមប្រមាណជាង ២១លានដុល្លារ និងអាចបង្កើតការងារបន្ថែមបានចំនួន ៧៤កន្លែង។

* ក្នុងតំបន់សេដ្ឋកិច្ចពិសេស
១៖ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ដែលមានទីតាំងស្ថិតនៅភូមិអូរជ្រៅ ភូមិ ផ្លោងនៃឃុំបឹងព្រាវ និងភូមិឈើនាងនៃ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុន វិនិយោគចំនួន ១០០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៣៣១កន្លែង។

២៖ គម្រោងវិនិយោគបង្កើតរោងចក្រ ផលិតសារធាតុកែច្នៃចំណីអាហារ (Galatin) ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ក្នុងទុនវិនិយោគប្រមាណជាង ២៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១៩៤កន្លែង។

គួរបញ្ជាក់ជូនផងដែរថា ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខរៀងទី ១ ដោយបានរួមចំណែក ៦៨.០៦% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគ ក្នុងស្រុកគ្របដណ្តប់ ១៤.២៤% នៃទុនវិនិយោគសរុប៕