(តូក្យូ)៖ ប្រទេសជប៉ុនបានឱ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានធ្វើអន្តរាគមន៍ទិញប្រាក់យ៉េនប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានកាលពីខែមេសា ដោយលក់ប្រាក់យ៉េនចំនួន ៥,៩២ពាន់ពាន់លានយ៉េន (៤០,៨៣ពាន់លានដុល្លារ) ក្នុងការប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះថ្លៃប្រាក់យ៉េននៅពេលនោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ទិន្នន័យប្រចាំត្រីមាសពីក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ប្រទេសជប៉ុនបានចំណាយប្រាក់ច្រើនបំផុតមិនធ្លាប់មានចំនួន ៥,៩២ពាន់ពាន់លានយ៉េនលើកិច្ចអន្តរាគមន៍ទិញប្រាក់យ៉េនក្នុងរយៈពេលតែមួយថ្ងៃគឺនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ និង ៣,៨៧ពាន់ពាន់លានយ៉េនបន្ថែមទៀតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

កំណត់ត្រាប្រចាំថ្ងៃខ្ពស់បំផុតកន្លងមកសម្រាប់អន្តរាគមន៍បែបនេះមានចំនួន ៥,៦២ពាន់ពាន់លានយ៉េនដែលបានចំណាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនដែលបានកត់ត្រាមានតាំងពីឆ្នាំ១៩៩១។

ទិន្នន័យចុងក្រោយបំផុតនេះគឺជាតួលេខប្រចាំថ្ងៃលម្អិតនៃកិច្ចអន្តរាគមន៍ទឹកប្រាក់សរុប ៩,៧៩ពាន់ពាន់លានយ៉េនដែលបានបង្ហាញពីមុនដែលបានធ្វើឡើងក្នុងអំឡុងពេលចាប់ពីថ្ងៃទី២៦ ខែមេសាដល់ថ្ងៃទី២៩ ខែឧសភា។

អន្តរាគមន៍លក់ប្រាក់ដុល្លារឬទិញប្រាក់យ៉េនដ៏ធំចំនួនពីរលើកនេះបានជួយជំរុញឱ្យប្រាក់យ៉េនឡើងថ្លៃ ៥ភាគរយពីអត្រា១៦០,២៤៥យ៉េនក្នុងមួយដុល្លារដែលជាកម្រិតទាបរយៈពេល ៣៤ឆ្នាំ ប៉ុន្តែបានបរាជ័យក្នុងការជួយទប់ស្កាត់ការធ្លាក់ចុះថ្លៃរូបិយប័ណ្ណនេះក្នុងរយៈពេលវែង។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា ប្រាក់យ៉េនបានបន្តការធ្លាក់ចុះថ្លៃរបស់ខ្លួន ហើយបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល ៣៨ឆ្នាំគឺ ១៦១,៧៦យ៉េនក្នុងមួយដុល្លារក្នុងខែកក្កដា ដែលជំរុញឱ្យទីក្រុងតូក្យូធ្វើអន្តរាគមន៍ម្តងទៀត និងចំណាយប្រាក់ ៥,៥៣ពាន់ពាន់លានយ៉េនទៀតដើម្បីគាំទ្ររូបិយប័ណ្ណរបស់ខ្លួន។

ទិន្នន័យដាច់ដោយឡែកពីក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃពុធបានបង្ហាញថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសជប៉ុនបានធ្លាក់ចុះដល់ ១,២២ពាន់ពាន់លានដុល្លារនៅដំណាច់ខែកក្កដា ដោយធ្លាក់ចុះ ១២,៤ពាន់លានដុល្លារធៀបនឹងដំណាច់ខែមិថុនា ដែលភាគច្រើនដោយសារតែការធ្លាក់ចុះការកាន់កាប់មូលបត្របរទេស។

ក្រុមអ្នកវិភាគបាននិយាយថា ការធ្លាក់ចុះប្រាក់បម្រុងនេះឆ្លុះបញ្ចាំងពីការលក់មូលបត្របំណុលក្រសួងរតនាគារសហរដ្ឋអាមេរិករបស់ខ្លួន ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការលក់ប្រាក់ដុល្លារ និងអន្តរាគមន៍ទិញប្រាក់យ៉េននេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕