(ភ្នំពេញ)៖ មន្រ្តី និងអ្នកជំនាញបានលើកឡើងថា ប្រសិនបើថៃមានច្បាប់អនុញ្ញាតឱ្យបើកកាស៊ីណូ ស្របច្បាប់នៅក្នុងប្រទេស នោះនឹងអាចជះឥទ្ធិពលអវិជ្ជមាន ដល់អាជីវកម្មកាស៊ីណូនៅកម្ពុជា​ ជាពិសេសកាស៊ីណូ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការលើកឡើងរបស់មន្រ្តី និងអ្នកជំនាញ​ ស្របពេលប្រទេសថៃ បាននិងកំពុងពន្លឿនសិក្សាធ្វើសេចក្តីព្រាងច្បាប់​ ដើម្បីអនុញ្ញាតឱ្យបង្កើតកាស៊ីណូស្របច្បាប់ នៅក្នុងកន្លែងកម្សាន្តធំៗ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ ដែលមានការចំណាយខ្ពស់​ ខណៈនាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន ​បានបង្ហាញការគាំទ្រផែនការធ្វើឱ្យកាស៊ីណូ ក្លាយជាអាជីវកម្មស្របច្បាប់ ដើម្បីដាក់ឱ្យមកស្ថិតក្រោមការត្រួតពិនិត្យកាន់តែប្រសើរឡើង និងប្រមូលពន្ធឱ្យបានត្រឹមត្រូវ។ ​នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ប្រសិនបើថៃមានច្បាប់អនុញ្ញាតឱ្យបើកកាស៊ីណូ ស្របច្បាប់នៅប្រទេស នោះអាចជះនឹងជះផលប៉ះពាល់មួយចំនួន ដល់អាជីវកម្មកាស៊ីណូនៅកម្ពុជា ជាពិសេសកាស៊ីណូនៅតាមព្រំដែនកម្ពុជា-ថៃ។

​លោកលើកឡើងថា បើសិនជាមណ្ឌលកម្សាន្តកាស៊ីណូនោះនៅកៀកនឹងព្រំដែន នោះភ្ញៀវទេសចរដែលធ្លាប់តែមកលេងកាស៊ីណូនៅកម្ពុជា នឹងមិនឆ្លងដែនមកកម្ពុជាទៀតឡើយ ដោយគេមានជម្រើសកន្លែងថ្មី។ ប៉ុន្តែប្រសិនបើការបង្កើតកាស៊ីណូ មានតែនៅទីក្រុងបាកក ឬកន្លែងកម្សាន្តល្បី ដូចនៅប៉ាត់តាយ៉ា ដែលឆ្ងាយពីព្រំដែនកម្ពុជា នោះផលប៉ះនឹងមានតិចតួចប៉ុណ្ណោះ ដោយភ្ញៀវថៃដែលនៅជិតព្រំដែនកម្ពុជា នឹងនៅតែបន្តមកលេងនៅកម្ពុជា។

​លោកកត់សម្គាល់ថា ភ្ញៀវទេសចរដែលមក​លេងកាស៊ីណូនៅកម្ពុជា មានមកពីប្រទេសហ្វីលីពិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងមួយចំនួនទៀតមកពីប្រទេសថៃ។ ប្រសិនបើមានកាស៊ីណូនៅក្នុងទីក្រុងធំៗរបស់ថៃ នឹងផ្តល់ជាជម្រើសមួយទៀតដល់ពួកគេ ហេតុដូច្នេះ​នឹងបណ្តាលឱ្យរងផលប៉ះពាល់អាជីវកម្មកាស៊ីណូនៅកម្ពុជា​។​

យ៉ាងនេះក្តី លោកលើកឡើងថា អ្នកចូលចិត្តលេងល្បែងកាស៊ីណូមួយចំនួន មិនចូលចិត្តលេងតែមួយកន្លែងនោះទេ ហើយពួកគេចូលចិត្តមកលេងកម្សាន្តកន្លែងណា ដែលផ្តល់សេវាកម្មល្អ ឬកន្លែងណាដែលពួកគេមានជំនឿថា ​មានឱកាសឈ្នះ។ ហេតុនេះបើគេយល់ថា អាជីវកម្មកាស៊ីណូនៅកម្ពុជា ផ្តល់នូវសេវាកម្មល្អ ​​ពួកគេនឹងនៅតែបន្តជ្រើសរើស មកលេងកន្លែងដដែល។

ជុំវិញបញ្ហានេះដែរ បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បាន​ប្រាប់បណ្តាញព័ត៌មាន Fresh News ដែរថា ប្រសិនបើផែនការធ្វើច្បាប់អនុញ្ញាតឱ្យបើកដំណើរកាស៊ីណូនៅថៃស្របច្បាប់ និងបើកឱ្យពលរដ្ឋថៃអាចចូលលេងបានមែន នោះនឹងផ្តល់ផលប៉ះដល់អាជីវកម្មកាស៊ីណូ និងសេដ្ឋកិច្ចនៅតាមព្រំដែន ដូចជា នៅប៉ោយប៉ែត កោះកុងជាដើម។ លោកបារម្ភថា ជនជាតិចិនដែលធ្លាប់លេងកម្សាន្ត ក្នុងកាស៊ីណូនៅតាមតំបន់ទាំងនោះ ក៏អាចនឹងទៅលេងនៅប្រទេសថៃផងដែរ។

បើតាមការប៉ាន់ស្មានរបស់ បណ្ឌិត ធួន ស៊ីណាន នៅក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤នេះ ភ្ញៀវទេសចរដែលបានឆ្លងកាត់តាមព្រំដែន មកលេងកាស៊ីណូនៅកម្ពុជា មានប្រមាណ៤០% នៃភ្ញៀវទេសចរសរុប។

ឆ្លើយតបយ៉ាងខ្លី លោក រស់ ភារុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ក៏ឃើញពីបញ្ហាប្រឈមសម្រាប់វិស័យកាស៉ីណូនៅកម្ពុជាផងដែរ នៅពេលដែលថៃ អនុញ្ញាតឱ្យមានកាស៉ីណូស្របច្បាប់ក្នុងប្រទេសនោះ។

បើតាមលោក រស់ ភារុណ ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ ការប្រមូលចំណូលពីវិស័យកាស៊ីណូ នៅកម្ពុជា សម្រេចបាន ៥៦% នៃផែនការថវិកា ៤៣លានដុល្លារអាមេរិក​ ឬស្មើនឹងប្រមាណ ២៤លានដុល្លារអាមេរិក៕