(ការ៉ាឈី)៖ ក្រុមហ៊ុនប្រេងដ៏ធំរបស់ប្រទេសបារាំង TotalEnergies បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបានព្រមព្រៀងលក់ភាគហ៊ុន ៥០ភាគរយរបស់ខ្លួននៅក្នុងក្រុមហ៊ុនលក់ប្រេង Total PARCO Pakistan Limited ទៅឱ្យក្រុមហ៊ុនជួញដូរទំនិញលំដាប់ពិភពលោក Gunvor Group។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមហ៊ុន Total PARCO Pakistan ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Total Energies និងក្រុមហ៊ុន Pak-Arab Refinery Limited ក្នុងប្រទេសប៉ាគីស្ថានមានបណ្តាញលក់រាយជាង ៨០០ស្ថានីយ និងផ្តល់សេវាកម្មឡូជីស្ទិកប្រេងឥន្ធនៈ និងលក់ប្រេងរំអិល។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន TotalEnergies បាននិយាយថា ប្រតិបត្តិការទិញលក់ភាគហ៊ុនដែលត្រូវទទួលបានការអនុម័តពីនិយ័តករ ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តរបស់ក្រុមហ៊ុននៅក្នុងផ្នែកទីផ្សារនិងសេវាកម្មដើម្បីផ្តោតលើ «ភូមិសាស្ត្រស្នូលជាមួយនឹងកំណើន និងឱកាសផ្លាស់ប្តូរ»។

បើយោងសេចក្តីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនថ្មីនេះនឹងបន្តអាជីវកម្មលក់រាយរបស់ខ្លួនស្ថិតក្រោមឈ្មោះ Total Parco ដដែល និងអាជីវកម្មប្រេងរំអិលរបស់ខ្លួននឹងលក់ស្ថិតក្រោមម៉ាកយីហោ Total សម្រាប់រយៈពេលប្រាំឆ្នាំនៅក្នុងប្រទេសប៉ាគីស្ថាន៕