(បាងកក)៖ ក្រសួងទេសចរណ៍និងកីឡាថៃមានបំណងទាក់ទាញភ្ញៀវទេសចរជនជាតិជប៉ុនឱ្យបានយ៉ាងហោចណាស់ ១លាននាក់ឱ្យទៅទស្សនាប្រទេសថៃនៅដំណាច់ឆ្នាំនេះ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

លោក Polphum Wipatphumiprathet ជំនួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាថៃលោក Sermsak Pongpanich ត្រូវបានដកស្រង់សម្តីដោយកាសែតបាងកកប៉ុស្តិ៍ខណៈនិយាយកាលពីថ្ងៃអាទិត្យក្នុងអំឡុងទស្សនកិច្ចទៅកាន់ការិយាល័យរបស់អាជ្ញាធរទេសចរណ៍ថៃក្នុងប្រទេសជប៉ុនថា ក្រសួងកំពុងរិះរកមធ្យោបាយដើម្បីទាក់ទាញភ្ញៀវទេសចរជប៉ុនបន្ថែមទៀត ហើយគ្រោងនឹងពិភាក្សាអំពីរបៀបជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយអាជ្ញាធរពាក់ព័ន្ធរបស់ប្រទេសជប៉ុន។

លោក Polphum បានថ្លែងថា ប្រទេសជប៉ុនមានប្រជាជនចំនួន ១២៤លាននាក់ និងជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៤ ក្នុងពិភពលោក។ លោកបានបន្ថែមថា ភ្ញៀវទេសចរជនជាតិជប៉ុនក៏ត្រូវបានចាត់ទុកថាជាអ្នកទេសចរដែលមានគុណភាពខ្ពស់ផងដែរ។

លោក Polphum មានប្រសាសន៍ថា៖ «ប្រទេសជប៉ុនគឺជាទីផ្សារទេសចរណ៍ដ៏សំខាន់ដែលយើងត្រូវរក្សានិងពង្រីក»។ លោកបានបន្ថែមថា កាលពីឆ្នាំមុន ចំនួនភ្ញៀវជប៉ុនមានប្រហែល ៨សែននាក់ ហើយក្រសួងគ្រោងនឹងបង្កើនចំនួនដល់ ១លាននាក់នៅដំណាច់ឆ្នាំនេះ ដែលត្រូវបានរំពឹងថានឹងជួយក្រសួងឱ្យសម្រេចបានគោលដៅប្រាក់ចំណូលពីវិស័យទេសចរណ៍ចំនួន ៣,៥ពាន់ពាន់លានបាត។

ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំនេះ ក្នុងចំណោមភ្ញៀវបរទេសចំនួន ១៧,៥លាននាក់ ភ្ញៀវទេសចរណ៍ជប៉ុនមានចំនួនជា ៤៧ម៉ឺននាក់។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕