(វ៉ាស៊ីនតោន)៖ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងស្នើច្បាប់រារាំងការបំពាក់ សុសវែរ Software របស់ប្រទេសចិន នៅក្នុងរថយន្តស្វ័យបើកបរ និងរថយន្តដែលមានសមត្ថភាពតភ្ជាប់អ៊ីនធឺណិត ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រភពដែលបានដឹងពីកិច្ចការនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា រដ្ឋាភិបាលរបស់លោកប្រធានាធីបតី ចូ បៃឌីន គ្រោងនឹងចេញសំណើព្រាងច្បាប់មួយ ដែលនឹងរារាំងសុសវែររបស់ចិន ពីការបំពាក់នៅក្នុងរថយន្តនៅសហរដ្ឋអាមេរិក ដែលគិតចាប់ពីរថយន្តកម្រិត៣ ឡើងទៅ ហើយច្បាប់នេះក៏នឹងមានឥទ្ធិពលផងដែរ ក្នុងការហាមឃាត់រថយន្តស្វ័យបើកបរ ដែលផលិតដោយក្រុមហ៊ុនចិន មិនឱ្យធ្វើតេស្តលើដងផ្លូវរបស់សហរដ្ឋអាមេរិក។
ប្រភពដដែលបានបានបន្ថែមថា នៅក្នុងការសម្រេចចិត្ត ដែលមិនត្រូវបានរាយការណ៍ពីមុន រដ្ឋាភិបាលអាមេរិកក៏គ្រោងនឹងស្នើឱ្យមានការរារាំងយានយន្ត ដែលមានបំពាក់ម៉ូឌុលដែលមានសមត្ថភាពភ្ជាប់ទំនាក់ទំនងឥតខ្សែកម្រិតខ្ពស់ ដែលបង្កើតឡើងដោយប្រទេសចិន មិនឱ្យបើកបរនៅលើថ្នល់របស់សហរដ្ឋអាមេរិកផងដែរ។
ប្រភពដដែលបាននិយាយថា ស្ថិតក្រោមសំណើនេះ ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនអ្នកផ្គត់ផ្គង់រថយន្តនឹងត្រូវផ្ទៀងផ្ទាត់ថា គ្មានយានយន្តដែលមានសមត្ថភាពភ្ជាប់អ៊ីនធឺណិត ឬសុសវែររថយន្តស្វ័យបើកបរកម្រិតខ្ពស់ណាមួយ ត្រូវបានផលិតឡើងនៅក្នុង «អង្គភាពបរទេសដែលបង្កក្តីបារម្ភ» ដូចជាប្រទេសចិននោះទេ។
កាលពីខែមុន ក្រសួងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ខ្លួនគ្រោងនឹងចេញសំណើច្បាប់ស្តីពីយានយន្ត ដែលមានសមត្ថភាពភ្ជាប់អ៊ីនធឺណិត នៅក្នុងខែសីហា ហើយរំពឹងថានឹងដាក់កម្រិតលើសុសវែរមួយចំនួន ដែលផលិតនៅក្នុងប្រទេសចិន និងប្រទេសផ្សេងទៀត ដែលត្រូវបានចាត់ទុកថាជាប្រទេសបច្ចាមិត្ត។
នៅពេលត្រូវបានស្នើសុំការអត្ថាធិប្បាយ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា ក្រសួង «មានការព្រួយបារម្ភអំពីហានិភ័យសន្តិសុខជាតិ ទាក់ទងនឹងបច្ចេកវិទ្យាភ្ជាប់នៅក្នុងយានយន្តដែលមានសមត្ថភាពភ្ជាប់អ៊ីនធឺណិត»។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕