(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការសម្រួលលក្ខខណ្ឌណ្ឌចាយប្រាក់ដុល្លារ ទក់ ប្រឡាក់ ឬរហែកតិចតួច នឹងត្រូវធ្វើជាជំហានៗ ទើបមិនមានផលប៉ះពាល់ដល់ចរន្តសាច់ប្រាក់ និងសេដ្ឋកិច្ចកម្ពុជា ដូច្នេះជាដំបូងត្រូវចាប់ផ្ដើមខេត្តសៀមរាប ដែលជាកន្លែងទេសចរណ៍ដ៏សំខាន់របស់កម្ពុជា

ហើយបន្តបន្ទាប់ទៅមុខទៀតនឹងធ្វើនៅតាមកន្លែងផ្សេងៗ។

ការលើកឡើងរបស់អ្នកឧកញ៉ា លឹម ហេង ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ការសម្រួលលក្ខខ័ណ្ឌចាយប្រាក់ដុល្លារចាស់ ប្រឡាក់ នៅសៀមរាប និងយន្តការលើកកម្ពស់ប្រាក់រៀល»។

អ្នកឧកញ៉ា លឹម ហេង បានថ្លែងថា «ខ្ញុំបានទទួលព័ត៌មានដ៏ជាក់លាក់មួយថា ការអនុវត្តអ្វីក៏ដោយនឹងត្រូវធ្វើជាជំហានៗ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជៀសវាការអនុវត្តអ្វីមួយលឿនហួសហេតុពេក បណ្ដាលឲ្យមានបញ្ហាចរាចរណ៍សាច់ប្រាក់លើទីផ្សារ និងប៉ះពាល់សេដ្ឋកិច្ចរបស់កម្ពុជា»

អ្នកឧកញ៉ា លឹម ហេង បានបន្ដថា កត្តាមួយទៀត គឺចៀសវាងថា ប្រសិនបើយើងបើកចំហរធំពេកទៅលើការសម្រួលលក្ខខណ្ឌ ចាយប្រាក់ដុល្លារ ទក់ ប្រឡាក់ ឬរហែកតិចតួច នឹងធ្វើឲ្យសាច់ប្រាក់ដុល្លារចាស់ ពីបណ្ដាប្រទេសជិតខាងនឹងចាក់ចូលមកប្រទេសកម្ពុជា ដែលនឹងនាំឲ្យមានបញ្ហាអតិផរណា លើសាច់ប្រាក់ជាក់ជាពុំខាន។

អ្នកឧកញ៉ា លឹម ហេង បញ្ជាក់ថា «ខ្ញុំជឿថាការការអនុវត្តរបស់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលជាដំបូង គឺអនុវត្តន៍ក្នុងខេត្តសៀមរាប ដូច្នេះបើគ្មានការប៉ះពាល់ខ្លាំង លើចរន្ដសាច់ប្រាក់ ឬសេដ្ឋកិច្ចនោះទេ នឹងពង្រឹកដល់រាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗជាច្រើនទៀត ដើម្បីផ្ដល់ភាពងាយស្រួលដល់អាជីវករ និងពលរដ្ឋដែលទទួលប្រាក់ដុល្លារ កុំឲ្យមានការខាតបង់»

ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបារម្ភពីការខាតបង់ លើការប្រើប្រាស់ប្រាស់ដុល្លារ សូមប្តូរមកប្រើប្រាស់រៀលរបស់ខ្មែរ ជៀសរៀងការខាតបង់៕