(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបកស្រាយចម្ងល់របស់សាធារណជនដែលថា «​​តើប្រាក់រៀល របស់កម្ពុជា អាចទិញទំនិញពីក្រៅប្រទេសបានទេ ប្រសិនកម្ពុជា ឈានទៅដល់ការចាយប្រាក់រៀលទាំងស្រុង ដោយមិនប្រើប្រាស់ក្រដាសប្រាក់ដុល្លារទៀត ខណៈលោកជំរុញលើកទឹកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ផ្តើមទូទាត់លុយរៀល គ្រប់ការទិញទំនិញទាំងអស់ទាំងរាយ និងដុំ?»

លោកបានពន្យល់ថា នៅថ្ងៃខាងមុខ ប្រសិនកម្ពុជា​ឈានទៅដល់ការចាយប្រាក់រៀលទាំងស្រុង នោះកម្ពុជានៅតែអាចទូទាត់ថ្លៃទំនិញជាមួយប្រទេសនានា ​ដែលនាំចូលមកបាន ព្រោះធនាគារជាតិនៃកម្ពុជា នឹងដើរតួជាតួអង្គកណ្តាល ក្នុងការដោះដូររូបិយប័ណ្ណជាតិ ទៅរូបិយប័ណ្ណអន្តរជាតិ ដូចជាប្រាក់ដុល្លារ ប្រាក់យ័ន ឬប្រាក់អឺរ៉ូជាដើម។

ជាក់ស្តែងកាលពីសម័យសង្គមរាស្រ្តនិយម កម្ពុជាក៏ចាយតែ​ប្រភេទប្រាក់រៀលសុទ្ធ ប៉ុន្តែកម្ពុជានៅតែអាចធ្វើការដោះដូរទំនិញជាមួយទីផ្សារអន្តរជាតិបាន ដោយសារធនាគារជាតិនៃកម្ពុជា គឺជាអាជ្ញាកណ្តាលសម្រាប់ការទូទាត់ជាមួយប្រទេសណាមួយ។

អ្នកឧកញ៉ា លឹម ហេង លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកម្មវិធី FRESH BUSINESS ​ពិភាក្សាលើប្រធានបទ៖ «ការសម្រួលលក្ខខ័ណ្ឌចាយប្រាក់ដុល្លារចាស់ ប្រឡាក់ នៅសៀមរាប និងយន្តការលើកកម្ពស់ប្រាក់រៀល»។ ​

​ទន្ទឹមគ្នានេះ លោកបានគូសបញ្ជាក់ថា នៅថ្ងៃអនាគត ការប្រើប្រាស់ឌីជីថល នឹងកាន់តែរីកចម្រើន ​ដូច្នេះហើយការដោះដូររវាងកម្ពុជា និងទីផ្សារអន្តរជាតិ នឹងទូទាត់ប្រាក់ពីប្រាក់រៀលទៅប្រាក់ដុល្លារ ឬពីប្រាក់រៀលទៅប្រាក់យ័នរបស់ចិន ​តាមរយៈ QR Code ​ហេតុនេះ ការប្តូររូបិយប័ណ្ណជាតិ ទៅរូបិយប័ណ្ណអន្តរជាតិនឹងកាន់តែងាយស្រួល។

លោករំពឹងថា ចាប់ពីពេលនេះតទៅ ការប្រើប្រាស់ប្រាក់រៀលនៅកម្ពុជានឹ ងកាន់តែទូលំទូលាយ​ ពោលអាចនឹងកើនឡើងដល់ពី៣០% ទៅ៤០% ក្នុងការទូទាត់ទំនិញរបស់ប្រជាពលរដ្ឋខ្មែរ។ ប្រសិនបើប្រជាពលរដ្ឋកម្ពុជា នាំគ្នាចាយប្រាក់រៀល ជាពិសេសការទូទាត់ទំនិញក្រោម ១០០ដុល្លារ នឹងធ្វើឱ្យរូបិយវត្ថុកម្ពុជាមានតម្លៃនៅលើទីផ្សារអន្តរជាតិ ស្របពេលអ្នកដែលមានគណនី ជាលុយរៀល ក៏អាចស្កែនទិញទំនិញ នៅប្រទេសមួយចំនួន ដូចជា ថៃ វៀតណាមជា ដើមបានផងដែរ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់អ្នកឧកញ៉ា លឹម ហេង ៖