(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការចរាចរប្រាក់រៀល នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានស្ថិរភាពរឹងមាំ និងការផ្ដល់ទំនុកចិត្ដជូនប្រជាពលរដ្ឋ ជាពិសេសលើស្ថិរភាពអត្រាប្ដូរប្រាក់។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល អ្នកឧកញ៉ា លឹម ហេង អញ្ជើញចូលរួម ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការសម្រួលលក្ខខ័ណ្ឌចាយប្រាក់ដុល្លារចាស់ ប្រឡាក់ នៅសៀមរាប និងយន្តការលើកកម្ពស់ប្រាក់រៀល» ក្នុងកម្មវិធី FRESH BUSINESS។
អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា «ខ្ញុំគិតថា ដល់ដំណាក់កាលនេះហើយ កាលពី១០-២០ឆ្នាំមុន យើងបារម្ភថា ប្រាក់រៀលមិនមានស្ថិរភាព ប៉ុន្ដែជាងស្ដែងរហូតដល់ ១០-២០ឆ្នាំ ចុងក្រោយនេះ មានស្ថិរភាពនយោបាយ ស្ថិរភាពសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ច ហើយអ្វីដែលយើងចរាចរប្រាក់រៀលនោះ គឺកំពុងដំណើរការល្អប្រសើរ»។
បន្ថែមពីនោះទៀត អ្នកឧកញ៉ា លឹម ហេង បានគូសបញ្ជាក់ថា យើងឃើញថា ធនាគារជាតិនៃកម្ពុជា តែងតែដាក់ដេញថ្លៃប្រាក់ដុល្លារ ដែលត្រង់ចំណុចនេះហើយ គឺបានរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលចរាចរនៅក្នុងប្រទេសកម្ពុជា ហើយការអនុវត្ដនេះ ទទួលបាននូវភាពជោគជ័យ៕
ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់អ្នកឧកញ៉ា លឹម ហេង៖