(សៀមរាប)៖ បងប្អូនក្រុមអាជីវករលក់ដូរ តាមបណ្តាផ្សារនានាក្នុងខេត្តសៀមរាប ព្រមទាំងបងប្អូនប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ដូចជា អ្នករត់ម៉ូតូរ៉ឺម៉កកង់បីជាដើម បានបង្ហាញនូវក្តីរីករាយ និងភាពងាយស្រួល ក្នុងការចាយវាយប្រាក់ដុល្លារ បើទោះបីមានសភាព រហែក ទក់ ប្រឡាក់ក៏ដោយ ក៏ពួកគាត់ទទួលយកពីភ្ញៀវទេសចរផងដែរ ក្រោយធនាគារជាតិនៃកម្ពុជា សម្រេចកែសម្រួលលក្ខខណ្ឌ ក្នុងការប្រើប្រាស់ប្រាក់ដុល្លារនៅខេត្តសៀមរាប តាមសំណើរបស់សម្តេចធិបិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រុមអាជីវករនិយាយថា «ពួកអាជីវករយើងខ្ញុំសប្បាយចិត្តមែនទែន និងសូមអរគុណដល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានប្រកាសពីការប្រើប្រាស់លុយដុល្លារដែលរហែក ប្រឡាក់ ចាស់ ដូរជាមួយធនាគារមិនកាត់ទឹក។ ការធ្វើបែបនេះ គឺយើងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីកុំឱ្យភ្ញៀវមានអារម្មណ៍ធុញធប់។ ឥឡូវភ្ញៀវសប្បាយចិត្តច្រើន»។

ជាមួយគ្នានេះ បណ្តាធនាគារនៅខេត្តសៀមរាប បានស្នើឱ្យបណ្តាអាជីវករ ព្រមទទួលយកនូវប្រាក់ដុល្លារដែលមានទក់ រហែក ប្រឡាក់ ពីភ្ញៀវទេសចរដោយកុំបារម្ភអ្វី ព្រោះធនាគារព្រមទទួលយកប្រាក់ដុល្លារទាំងនោះ ដោយគ្មានការកាត់សេវា ពីបងប្អូនអាជីវករនោះឡើយ៕