(បាងកក)៖ ក្រសួងពាណិជ្ជកម្មថៃ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសថៃ និងចិន ក្នុងគោលបំណងពង្រីកទីផ្សារផលិតផលបសុសត្វ និងផ្លែឈើរបស់ថៃ ទៅកាន់ប្រទេសចិន និងស្វាគមន៍ការវិនិយោគរបស់ចិន ក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើននានា នៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Suchart Chomklin អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាននិយាយថា លោកត្រូវបានចាត់តាំង ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Phumtham Wechayachai ឱ្យចូលរួមក្នុងកិច្ចប្រជុំលើកទី៣ នៃអនុគណៈកម្មាធិការស្តីពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសថៃនិងចិន ក្នុងឋានៈជាសហប្រធានជាមួយលោក Li Fei អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន។

កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី លើផលិតផលកសិកម្ម និងលើកកម្ពស់ការប្រកួតប្រជែងរបស់ផលិតផលថៃ នៅក្នុងប្រទេសចិនតាមរយៈបណ្តាញផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក វេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម និងវិនិយោគ និងការតាំងពិព៍រណ៍ និងកម្មវិធីនានាដែលភាគីទាំងពីររៀបចំឡើង។

បើយោងតាមកាសែតបាងកកប៉ុស្តិ៍ ភាគីថៃបានស្នើឱ្យអាជ្ញាធរចិន ជួយសម្រួលដល់ការនាំចេញផលិតផលបសុសត្វ និងផ្លែឈើរបស់ថៃទៅប្រទេសចិន។

លោក Suchart ក៏បានអញ្ជើញវិនិយោគិនចិន ឱ្យមកបណ្តាក់ទុនក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើននានាផងដែរ រួមមានយានយន្តអគ្គិសនី ថាមពលស្អាត សេដ្ឋកិច្ចឌីជីថល បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអវកាស ក៏ដូចជាដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានស្រាប់ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។

ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសថៃ អស់រយៈពេល ១១ឆ្នាំជាប់ៗគ្នា។ ក្នុងឆ្នាំ២០២៣ ពាណិជ្ជកម្មថៃជាមួយចិនមានតម្លៃ ១០៥ពាន់លានដុល្លារ ធ្លាក់ចុះ ០,២២% បើធៀបនឹងឆ្នាំ២០២២។ ក្នុងរយៈពេលប្រាំខែដំបូងក្នុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួន ៤៥,៧ពាន់លានដុល្លារ កើនឡើង ៤,២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕