(តាកែវ)៖ រដ្ឋបាលជលផល និងសាកលវិទ្យាល័យសាគរសាស្រ្តសៀងហៃ នឹងសហការគ្នារៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសបំប៉នកូនបង្កងបែបទំនើប ដល់កសិករនៅខេត្តតាកែវ ដើម្បីជំរុញឱ្យការចិញ្ចឹមបង្កងក្នុងស្រែ ឱ្យទទួលបានអត្រារស់ខ្ពស់ និងមានទីផ្សារល្អជាងមុន ខណៈពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនកសិករចិញ្ចឹមបង្កងក្នុងស្រែនៅខេត្តតាកែវ មានការកើនឡើងជាបន្តបន្ទាប់។

បណ្ឌិត ហាវ វិសិដ្ឋ អនុប្រធានរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា វគ្គបណ្តុះបណ្តាលនេះនឹងរៀបចំនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅកសិដ្ឋានចិញ្ចឹមបង្កង ស្ថិតនៅភូមិឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ដែលនឹងផ្តល់ការបណ្តុះបណ្តាល ដល់កសិករប្រមាណពី១៥ ទៅ២០នាក់។

លោកបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ នឹងជួយឱ្យកសិករទទួលបានចំណេះដឹងថ្មីៗបន្ថែម លើបច្ចេកទេសបំប៉នកូនបង្កងទឹកសាប តាមបែបប្រពលវប្បកម្ម ការគ្រប់គ្រងទីផ្សារ ដោយប្រើប្រាស់បច្ចេកទេសទេសវារីវប្បកម្មទំនើប ដូចជាការប្រើប្រាស់ប្រព័ន្ធតាមដាន និងគ្រប់គ្រងគុណភាពទឹក ជាប្រចាំថ្ងៃ ការប្រើប្រាស់ប្រព័ន្ធបញ្ជាទិញ លក់បង្កង និងផលវារីវប្បកម្មផ្សេងៗ។

លោកបន្ថែមថា «តាមរយៈវគ្គបណ្តុះបណ្តាល និងការអនុវត្តគម្រោងបំប៉នកូនបង្កងទឹកសាប ដោយប្រើប្រាស់បច្ចេកទេសទំនើប នឹងជួយអោយកសិករអាចចិញ្ចឹមបង្កងទទួលបានអត្រារស់ខ្ពស់ ងាយស្រួលតាមដាន និងការគ្រប់គ្រងគុណភាពទឹក និងមានភាពងាយស្រួល ក្នុងការគ្រប់គ្រងការបញ្ជារទិញ លក់ផលវារីវប្បកម្មផងដែរ»។

មុនឈានដល់ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសបំប៉នកូនបង្កងបែបទំនើប ដល់កសិករនៅខេត្តតាកែវនេះ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ គណប្រតិភូនៃប្រទេសចិនដឹកនាំដោយលោកបណ្ឌិត GUO Libin អគ្គនាយករងនៃមជ្ឈមណ្ឌលសហប្រតិបត្តិការ សេដ្ឋកិច្ចក្រៅប្រទេស នៃក្រសួងកសិកម្ម និងកិច្ចការជនបទ, លោកសាស្រ្តាចារ្យ HU Giangsong សាស្រ្តាចារ្យ Wu Xugan នៃសាកលវិទ្យាល័យសាគរសាស្រ្តសៀងហៃ និងសហការី បានអញ្ជើញមកទស្សកិច្ចពីស្ថានភាពនៃការចិញ្ចឹមបង្កងក្នុងស្រែនៅខេត្តតាកែវ និងបានជ្រើសរើសកសិករចូលរួមអនុវត្តគម្រោងការបំប៉នកូនបង្កងពូជតាមបែបបច្ចេកទេសទំនើប (Digital Aquaculture)។

ជុំវិញស្ថានភាពនៃការចិញ្ចឹមបង្កងនៅខេត្តតាកែវ បណ្ឌិត ហាវ វិសិដ្ឋ បានឱ្យដឹងថា ការចិញ្ចឹមបង្កងនៅខេត្តតាកែវ មានការកើនឡើងជារៀងរាល់ឆ្នាំ។

លោកបញ្ជាក់ថា ជាក់ស្តែងនៅឆ្នាំ២០២៣ មានកសិករដែលចិញ្ចឹមបង្កងមានចំនួន ២០គ្រួសារ បានអនុវត្តការចិញ្ចឹមបង្កង លើផ្ទៃដីសរុបប្រមាណជា ៥៤ហិកតា និងទទួលបានផលសរុបប្រមាណជា២១តោន។ ចំណែកនៅក្នុងឆ្នាំ២០២៤នេះ មានកសិករកំពុងអនុវត្តការចិញ្ចឹមបង្កងទឹកសាបនេះបន្ថែមចំនួន ២៣គ្រួសារទៀត។

បើតាមលោកហាវ វិសិដ្ឋ កសិករក្នុង ១គ្រួសារមានផ្ទៃដីចិញ្ចឹមបង្កង ចាប់ពី ០.៥ហិកតា ទៅ៥ហិកតា ដោយទទួលបានទិន្នផលជាមធ្យម ៨០០គីឡូក្រាម ក្នុង១ហិកតា។

សូមជម្រាបថា បង្កងតាកែវ ត្រូវបានក្រសួងពាណិជ្ជកម្ម សម្រេចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ កាលពីថ្ងៃទី ២៦ មេសា ឆ្នាំ២០២៣ ដើម្បីជួយដល់ផលិតករ អាជីវករ និងប្រតិបត្តិករក្រុមហ៊ុនកែច្នៃវេចខ្ចប់ ក្នុងការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិបន្ថែមទៀត៕