(តូក្យូ)៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលបានប្តូរឈ្មោះមកជា តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនផលិតកម្មរបស់ជប៉ុន និងចិន កំពុងស្វែងរកការធ្វើពិពិធកម្ម ខណៈដែលការផ្លាស់ប្តូរខ្សៃច្រវាក់ផ្គត់ផ្គង់ពិភពលោក បង្កើតឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញក្រុមហ៊ុនកាន់តែច្រើន។ នេះបើយោងតាមកាសែត Nikkei Asia របស់ប្រទេសជប៉ុន។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ដែលជាប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស PPSEZ មានគោលបំណងទាក់ទាញក្រុមហ៊ុនថៃ និងវៀតណាមកាន់តែច្រើន ក៏ដូចជាក្រុមហ៊ុនពិភពលោកផ្សេងទៀត ដែលផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេពីប្រទេសជិតខាងទាំងពីរនេះ។

ដោយសំដៅលើចលនាដែលក្រុមហ៊ុននានា ក្នុងប្រទេសថៃបង្កើតមូលដ្ឋានផលិតកម្ម ក្នុងប្រទេសជិតខាងដោយសារតែការកើនឡើងថ្លៃដើម នៅក្នុងប្រទេសថៃ លោក Hiroshi Uematsu នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត បានប្រាប់កាសែត Nikkei Asia ក្នុងបទសម្ភាសអនឡាញមួយថា៖ «តាមភូមិសាស្រ្ត វាមានភាពងាយស្រួលក្នុងការបំពេញបន្ថែម ដល់ខ្សែច្រវាក់ផ្គត់ផ្គង់របស់ប្រទេសថៃ ហើយយើងបាន និងកំពុងព្យាយាមទាក់ទាញក្រុមហ៊ុននានាឱ្យមក PPSEZ»

តំបន់សេដ្ឋកចិ្ច PPSEZ មានចម្ងាយ ៥៤០គីឡូម៉ែត្រពីទីក្រុងបាងកក ដែលចំណាយពេលដឹកជញ្ជូនប្រហែល ១០ម៉ោងនិងមានចម្ងាយប្រហែល ២០០គីឡូម៉ែត្រពីទីក្រុងហូជីមិញ និងខេត្តដុងណៃរបស់វៀតណាមដែលមានសួនឧស្សាហកម្មច្រើន។ លោក Uematsu បានមានប្រសាសន៍ថា៖ «យើងជឿជាក់ថា វាអាចទៅរួចក្នុងការលើកទឹកចិត្តដល់ការផ្ទេរផលិតកម្មពីប្រទេសវៀតណាម និងបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់សហប្រតិបត្តិការ»។

លោក Uematsu បាននិយាយថា កម្ពុជានឹងទាក់ទាញក្រុមហ៊ុនបន្ថែមទៀត ខណៈពេលដែលក្រុមហ៊ុនរៀបចំរចនាសម្ព័ន្ធខ្សែច្រវាក់ផ្គត់ផ្គង់ របស់ពួកគេឡើងវិញ ដោយសារតែការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ។

លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើលោក ដូណាល់ ត្រាំ ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកា ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនអាចនឹងកើនឡើង ហើយកម្ពុជានឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ដើម្បីធ្វើជាទិសដៅផ្លាស់ប្តូរទីតាំងផលិតកម្ម»

បើកដំណើរការនៅឆ្នាំ២០០៦ តំបន់សេដ្ឋកិច្ច PPSEZ គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់ជប៉ុន Minebea Mitsumi គឺជាអ្នកជួលធំបំផុតរយៈពេលជាយូរមកហើយ ដើម្បីផលិតផលិតផលពិដាងនិងម៉ូទ័រ។ សួនឧស្សាហកម្ម PPSEZ មានក្រុមហ៊ុនជួលជាង ៩០ក្រុមហ៊ុនមកពី ១៥ប្រទេស និងមានផ្ទៃដី ៣,៥៧គីឡូម៉ែត្រការ៉េ ហើយបច្ចុប្បន្នក្រុមហ៊ុនជប៉ុន និងចិនមានចំនួនពីរភាគបីនៃក្រុមហ៊ុនជួលរបស់សួនឧស្សហកម្មនេះ។ នេះបើយោងតាមកាសែត Nikkei Asia៕