(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំកិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) និងសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ពាក់ព័ន្ធនឹងការផ្ដល់កិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្មនីតិវីធីគយ ។

កិច្ចប្រជុំបានប្រព្រឹត្ដទៅក្រោមអធិបតីភាពលោកបណ្ឌិតគុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាសហប្រធាន និងលោក TABEI Hideakiប្រធាន JBAC ជាសហប្រធាន ដោយមានការចូលរួមពីតំណាង JBAC តំណាង ស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ។

នាឱកាសនោះដែរ លោកបណ្ឌិត គុណ ញឹម បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារមួយចំនួនបន្ទាប់ ពីកិច្ចប្រជុំរវាង អ.គ.រ និង JBAC កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ រួមមាន ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋបាលគយកម្ពុជានិងរដ្ឋបាលគយថៃ ស្តីពីទំនិញឆ្លងកាត់ (Transit of Goods) ការប្រកាសដាក់ឱ្យអនុវត្ដជាផ្លូវការប្រព័ន្ធបញ្ជរតែមួយជាតិ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក TABEI Hideaki បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អគរ ដែលបានរៀបចំកិច្ចប្រជុំពិភាក្សានេះឡើង ក៏ដូចជាវិធានការនានាដែល អគរ បាន ដាក់ចេញជាបន្ដបន្ទាប់ ដើម្បីផ្ដល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមទៀតដល់ធុរជនពាក់ព័ន្ធនឹងការងារគយ។

កិច្ចប្រជុំពិភាក្សា បានពិនិត្យលើសំណូមពរចំនួន ៣រួមមាន ការជំរុញបើកដំណើរការជាផ្លូវការមាត់ច្រកស្ទឹងបត់-បាណងអៀង ការស្នើធ្វើ ទំនើបកម្មនិងសាមញ្ញកម្មបន្ថែមទៀតលើនីតិវិធីគយមួយចំនួន និងវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។

លោក TOKITO Hiroyuki តំណាងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អគរ ក្នុងការលើកកម្ពស់ និងកែលម្អបរិយាកាសធុរកិច្ចឱ្យបានកាន់តែប្រសើរនិងសូមផ្ដល់កិច្ចសហការយ៉ាងមុតមាំជាមួយ អគរ ក្នុងការជំរុញការដាក់ឱ្យដំណើរការមាត់ច្រកស្ទឹងបត់-បានណងអៀង។

ទន្ទឹមនេះ លោក TOKITO Hiroyuki បានបញ្ជាក់បន្ថែមថា នឹងលើកយកសំណើរបស់ អគរ ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ បម្រើដល់ប្រតិបត្ដិការនៃ សម្រួលពាណិជ្ជកម្ម ក៏ដូចជាការផ្ដល់សេវាសាធារណៈប្រចាំថ្ងៃនៅមាត់ច្រកស្ទឹងបត់-បានណងអៀងនេះ ដាក់ជូនរាជរដ្ឋាភិបាលជប៉ុនផងដែរ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា សមាគមធុរកិច្ចជប៉ុន នៅកម្ពុជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបេ្តជ្ញាចិត្ត បន្តពង្រឹងកិច្ចសហការជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀត ក្នុងគោលដៅសម្រួលពាណិជ្ជកម្ម កែលម្អបរិយាកាសធុរកិច្ច ដើម្បីចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕