(ព្រៃវែង)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យឹម លាត បន្តដឹកនាំចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ ជូនដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រីរាជការ ខេត្តព្រៃវែង នៅសួនច្បារសម្ដេច ជា ស៊ីម ក្រុងព្រៃវែង ខេត្ដព្រៃវែង នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។

សកម្មភាពបន្តចុះផ្សព្វផ្សាយនេះ បានប្រព្រឹត្តិទៅមានការចូលរួមពី លោក ហ៊ី ធួក អភិបាលរងខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីលោក លោកស្រីតំណាងមន្ទីរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១,០០០នាក់។

លោក យឹម លាត តាងនាមឲ្យធនាគារជាតិនៃកម្ពុជា បានគោរពថ្លែងអំណរគុណពោះ រដ្ឋបាលខេត្តព្រវែង និងលោក លោកស្រី តំណាងមន្ទីរ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលបានឆ្លៀតឱកាសដ៏មានតម្លៃ ចូលរួមក្នុងសិក្ខាសាលានាពេលនេះ ពិតជាបានបង្ហាញនូវការរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ ប្រាក់រៀល របស់ប្រទេសជាតិយើង។

លោក យឹម លាត បានបន្តថា ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច មានលំនឹងល្អប្រសើរ។

លោកបានបន្ថែមថា យោងតាមទិន្នន័យអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០១៧ កន្លងមក ក៏បានបង្ហាញថា សម្រាប់ខេត្តព្រៃវែង ជាមធ្យមប្រមាណ៨៨% នៃការចំណាយប្រចាំថ្ងៃរបស់ប្រជាជន ត្រូវបានធ្វើឡើងជាប្រាក់រៀល។ នេះជាការរួមចំណែករបស់ប្រជាជននៅខេត្តព្រៃវែង ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

លោកបានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តរួមចំណែកប្រើប្រាស់ប្រាក់រៀល នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន ដូចជាតាមរយៈការទូទាត់ ការបិទស្លាកថ្លៃទំនិញ និងការសន្សំជាប្រាក់រៀល។

លោកបានបន្តថា ប្រព័ន្ធទូទាត់បាគង ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ សម្រាប់ធ្វើប្រតិបត្តិការឌីជីថលផ្សេងៗ ដូចជាទូទាត់ និងផ្ទេរប្រាក់បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ទាំងក្នុងប្រទេស និងនៅប្រទេសជាដៃគូ ក្នុងនោះមានប្រទេសថៃ វៀតណាម និងឡាវ តាមរ KHQR Code ។

ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា នឹងអាចតភ្ជាប់ជាមួយប្រទេសឥណ្ឌា និងចិន ក្នុងឆ្នាំនេះ តាមផែនការតភ្ជាប់ជាមួយប្រទេសផ្សេងៗទៀតក្នុងពិភពលោក។

លោកបន្តថា នៅពេលដ៏ខ្លីខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យភ្ញៀវទេសចរអន្តរជាតិ ប្រើប្រាស់នូវប្រព័ន្ធទូទាត់ទំនើប ដែលហៅថា បាគងសម្រាប់ទេសចរ (Bakong Tourists App) ដែលសម្រួលដល់ការទូទាត់ចាយវាយនានារបស់ភ្ញៀវទេសចរ។

ការប្រើការទូទាត់អេឡិចត្រូនិកនេះ នឹងអាចជំរុញឲ្យភ្ញៀវទេសចរបង្កើនការចាយនៅកម្ពុជា និងនៅបណ្តាប្រទេសក្នុងតំបន់ ដែលកម្ពុជាបានភ្ជាប់ប្រព័ន្ធទូទាត់នេះជាមួយ មានដូចជាប្រទេស ថៃ វៀតណាម ឡាវ និងមានប្រទេសជាច្រើនទៀតនាពេលខាងមុខ។

សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយពីប្រាក់រៀលនេះ មានសកម្មភាពជាច្រើន ដែលរួមមាន៖ ការធ្វើបទបង្ហាញ និងការបញ្ចាំងវីដេអូបស់សិស្សានុសិស្ស អំពីប្រាក់រៀល ព្រមទាំងមានពិព័ណ៌ ស្តីពីប្រវត្តិសេដ្ខកិច្ច ហិរញ្ញវត្ថុ វឌ្ឍនភាពនៃប្រព័ន្ធបាគ ខេអេចឃ្យូអរ ការទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ដោយឥតគិតថ្លៃ ការលេងល្បែងល្បងប្រាជ្ញាយករង្វាន់ និងជាពិសេសមានការប្រគំតន្ត្រីផងដែរ៕