(បាងកក)៖ ប្រទេសថៃបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមការចរចាបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Phumtham Wechayachai បានប្រកាសដូច្នេះកាលពីថ្ងៃទី២៤ ខែកក្កដាបន្ទាប់ពីជួបជាមួយលោក Arman Issetov ឯកអគ្គរដ្ឋទូតកាហ្សាក់ស្ថានប្រចាំប្រទេសថៃ។

យោងតាមកាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យផ្សេងៗដែលមានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍។

ក្រៅពីសកម្មភាពជំរុញពាណិជ្ជកម្មដែលរៀបចំដោយ ក្រសួងពាណិជ្ជកម្មថៃ ដូចជាពិព័រណ៍ពាណិជ្ជកម្ម និងការចរចាពាណិជ្ជកម្មតាមរយៈបណ្តាញអនឡាញ ភាគីទាំងពីរបានពិភាក្សាអំពីការបង្កើតគណៈកម្មការចម្រុះ ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសថៃ និងប្រទេសកាហ្សាក់ស្ថាន។

ភាគីថៃក៏បានសម្តែងការត្រៀមខ្លួន ដើម្បីចាប់ផ្តើមការចរចាអំពីកិច្ចព្រមព្រៀង FTA ជាមួយសហភាព EAEU ហើយមានបំណងស្វែងរកការគាំទ្រពីកាហ្សាក់ស្ថានលើបញ្ហានេះ។

EAEU គឺជាសហភាពសេដ្ឋកិច្ច ដែលបានចូលជាធរមាននៅក្នុងឆ្នាំ២០១៥ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលើកកម្ពស់ស្តង់ដាររស់នៅ ក្នុងចំណោមប្រទេសជាសមាជិករបស់ខ្លួន។ ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀងនេះ រួមមានរុស្ស៊ី អាមេនី បេឡារុស្ស កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។

សហភាព EAEU មានប្រជាជនជិត ២០០លាននាក់រស់នៅក្នុងរដ្ឋសមាជិក និងមានទំហំផលិតផលក្នុងស្រុកសរុបរួមគ្នាចំនួន ៥ពាន់ពាន់លានដុល្លារ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕