(សិង្ហបុរី)៖ វៀតណាម បានបន្តក្លាយជាអ្នកផ្គត់ផ្គង់អង្ករច្រើនជាងគេ ទៅឱ្យប្រទេសសិង្ហបុរីជាមួយនឹងទឹកប្រាក់នាំចេញចំនួន ៧៣.៤លានដុល្លារសិង្ហបុរី (ជាង ៥៤.៦ លានដុល្លារអាមេរិក) ទៅកាន់ប្រទេសនេះ ក្នុងអំឡុងពីខែមករាដល់ខែមិថុនា កើនឡើង ៥៤.៦៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមកាសែត Vietnam News។

កាសែត Vietnam News បានរាយការណ៍ទៀតថា ស្ថិតិដែលចេញផ្សាយដោយការិយាល័យពាណិជ្ជកម្មវៀតណាម ក្នុងប្រទេសសិង្ហបុរីបានបង្ហាញថា ចំណូលពីការនាំចេញអង្ករដំណើប ទៅទីរដ្ឋបុរីនេះបានកើនឡើងជាង ៥ដង ដល់ ៨.៩លានដុល្លារសិង្ហបុរី អង្ករបាក់កើនឡើង ១៨៧.៣ភាគរយដល់ ១.៥លានដុល្លារសិង្ហបុរី និងអង្ករក្រអូបកិនបានកើនឡើង ១៦១,៣៥ភាគរយដល់ ២៧.២៧លានដុល្លារសិង្ហបុរី។

ទន្ទឹមនឹងនេះ ប្រាក់ចំណូលពីការនាំចេញអង្ករស បានកើនឡើងបន្តិចពី ១.៩១ភាគរយដល់ ៣៤.៥លានដុល្លារសិង្ហបុរី ខណៈដែលប្រាក់ចំណូលពីអង្ករសំរូបបានធ្លាក់ចុះ ៥១.២ភាគរយ ដល់ ១០២ ០០០ដុល្លារសិង្ហបុរី។

គូប្រជែងរបស់ប្រទេសវៀតណាមដូចជា ថៃ និងឥណ្ឌា បានលក់អង្ករទៅឱ្យសិង្ហបុរី ក្នុងតម្លៃប្រមាណ ៧០.៧៣លានដុល្លារសិង្ហបុរី និង ៥៨.៤១លានដុល្លារសិង្ហបុរីរៀងគ្នា៕