(ភ្នំពេញ)៖ បណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា ខណៈកម្ពុជាមានច្បាប់វិនិយោគដ៏គួរឲ្យទាក់ទាញ និងល្អជាងប្រទេសជិតខាងនោះ កម្ពុជាត្រូវតែពង្រឹងនូវកត្ដា ២បន្ថែមទៀត បើកម្ពុជាចង់បានអ្នកវិនិយោគមកកម្ពុជាឱ្យបានកាន់តែច្រើន។

លោកបានពន្យល់ថា វិនិយោគិនបរទេសដែលចង់មកវិនិយោគនៅកម្ពុជា ពួកគេមើលឃើញថា កម្លាំងពលកម្មរបស់កម្ពុជានៅតូច និងខ្វះនៅជំនាញកម្រិតបច្ចេកខ្នាតមធ្យម និងខ្នាតខ្ពស់។ ដូច្នេះហើយកម្ពុជា មានភាពចាំបាច់ ក្នុងការជំរុញការបណ្តុះបណ្តាលពលកម្មជំនាញចាប់ពីកម្រិតទាបទៅដល់កម្រិតខ្ពស់ ដើម្បីផ្តល់ភាពទាក់ទាញដល់វិនិយោគ។

យ៉ាងនេះក្តីលោកកត់សម្គាល់ថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាល បានផ្តោតការយកចិត្តដាក់ខ្លាំង ទៅលើការពង្រឹងជំនាញ និងការបណ្តុះបណ្តាលជំនាញ ដែលសញ្ញាល្អមួយ។

លោកបានលើកឡើងបន្តថា កត្តាទី២ ដែលកម្ពុជា ចាំបាច់ត្រូវតែពង្រឹងបន្ថែមទៀតនោះ គឺបរិយាកាសធុរកិច្ច និងពាណិជ្ជកម្ម ពោលគឺដល់ពេលដែលកម្ពុជាយើងពង្រឹងនូវអភិបាលកិច្ច ដើម្បីទទួលបានទំនុកចិត្ត ពីវិនិគិនបរទេស។

លោកជឿជាក់ថា ប្រមុខដឹកនាំរដ្ឋាភិបាលក្នុងអាណត្តិនេះ នឹងយកចិត្តទុកដាក់ខ្លាំងលើការកែលម្អអភិបាលកិច្ច និងការលើកកម្ពស់នូវបរិយាកាស ធុរកិច្ច និងវិនិយោគនៅកម្ពុជា ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់វិនិយោគិន។

លោកសង្កេតឃើញថា ការចុះបញ្ជីពាណិជ្ជកម្មរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ មានលក្ខណៈល្អប្រសើរជាងមុន ប៉ុន្តែនៅមានចំណុចជាច្រើន ដែលត្រូវកែលម្អបន្ថែមទៀត និងធ្វើឱ្យមានភាពទាក់ទាញជាង ឬប្រហាក់ប្រហែលប្រទេសជិតខាង។

លោកបន្ថែមថា «ជារួមគឺធ្វើយ៉ាងណាឱ្យធាតុចូលក្នុងខ្សែច្រវាក់ផលិតកម្មចុះថ្លៃថោក ងាយស្រួលដល់បរិយាកាសធុរកិច្ច វិនិយោគ មានតម្លាភាព និងកាត់បន្ថយនូវការចំណាយមិនធម្មតា ដើម្បីធ្វើឱ្យចំណាយថ្លៃដើមក្នុងខ្សែច្រវាក់ផលិតកម្ម ការផ្តល់សេវាកម្មរបស់គាត់មានភាពធូរថ្លៃ»។

លោកបានគូសបញ្ជាក់បន្ថែមថា ទន្ទឹមពេលដែលច្បាប់វិនិយោគរបស់កម្ពុជា មានភាពទាក់ទាញជាង ធនធានធម្មជាតិកម្ពុជាមានភាពសំបូរបែបប្រទាក់ក្រឡាជាង មានហេដ្ឋារចនាសម្ព័ន្ធល្អ ខណៈសេដ្ឋកិច្ចកម្ពុជាបោះជំហានទៅមុខ បើកម្ពុជាពង្រឹងបាននូវចំណុចខាងលើនោះ នឹងអាចអាទាក់ទាញវិនិយោគិនបានច្រើន ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំ មានភាពធន់ មានភាពប្រកួតប្រជែងជាងមុន និងមានការងារច្រើនសំបូរបែបជាងមុន ដែលធានាដល់ការបង្កើតការងារដល់ប្រជាជន កាត់បន្ថយភាពក្រីក្រ ជំរុញឱ្យកម្ពុជាកា្លយទៅជាប្រទេស ដែលមានភាពរីកចម្រើន ឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕