(ភ្នំពេញ)៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) បានផ្តល់ឥណទាន ប្រមាណ៤៤០លានដុល្លារ ដល់វិស័យកសិកម្ម ដើម្បីជំរុញការដាំដុះ ផលិត និងកែច្នៃសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB បានប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការផ្តល់ឥណទានដល់កសិករ និងអ្នកកែច្នៃក្នុងទំហំទឹកប្រាក់ប្រមាណ៤៤០ លានដុល្លារនេះ ដោយមើលឃើញពីតម្រូវការផ្នែកហិរញ្ញវត្ថុលើវិស័យកសិកម្ម ហេតុនេះហើយទើបរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់នូវកញ្ចប់ហិរញ្ញប្បទានជាបន្តបន្ទាប់ដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងការផ្តល់ឥណទានទៅលើវិស័យកសិកម្ម ដើម្បី​បង្កើនផលិតកម្ម ការកែច្នៃ សំដៅដល់ការជំរុញ​នាំចេញផលិតផលកសិផលទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន។

​លោកបន្តថា រាជរដ្ឋាភិបាលតាមរយៈធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទ តែងតែយកចិត្តទុកដាក់ក្នុងការផ្តល់លទ្ធភាពផ្នែកឥណទានដល់កសិករ និងអ្នកកែច្នៃ ដើម្បីជំរុញការដាំដុះ ការចិញ្ចឹមសត្វ ជាពិសេសដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យនេះ ឱ្យមានការនាំចេញកាន់តែច្រើនឡើង​។

​ជាមួយគ្នានេះ លោកបានឱ្យដឹងទៀតថា កាលពីពេលថ្មីៗធនាគារ ARDB ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសាជីវកម្មធានារឥណទាន ដើម្បីបង្កើនការផ្តល់ឥណទាន ឱ្យបានច្រើនដល់អ្នកផលិត ដាំដុះ កែច្នៃ ព្រោះ ​អ្នកផលិតខ្លះពុំមានទ្រព្យគ្រប់គ្រាន់ ដើម្បីដាក់បញ្ចាំក្នុងការទទួលបានឥណទាននោះទេ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម ក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា​បាននាំចេញកសិផល​ជាង៦លានតោនទៅកាន់ទីផ្សារ គោលដៅចំនួន ៧៧ ប្រទេសទូទាំងពិភពលោក កើនឡើងជិត ៦០ភាគរយ ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ២០២៣ ដែលជាកំណើនមិនធ្លាប់មានពីមុនមក ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ៕