(ភ្នំពេញ)៖ សហគ្រាសចំនួន៥ ១៤៤ សហគ្រាស បានមកចុះបញ្ជីដោយជោគជ័យ នៅអគ្គនាយកដ្ឋានពន្ធដារ ​ ក្នុងនោះសហគ្រាសដែលចុះបញ្ជីតាមថ្នាល CamDX មានចំនួន ៤ ៧៨៤ សហគ្រាស។

​បើតាមអគ្គនាយកដ្ឋានពន្ធដារ សហគ្រាសទាំងជាង ៥ពាន់ដែលបានមកចុះបញ្ជី ក្នុងនោះសហគ្រាសជាប់ពន្ធធំមានចំនួន ៣០៦ ,ជាប់ពន្ធមធ្យម ២ ៣៣៣ និងសហគ្រាសជាប់ពន្ធតូចមានចំនួន ២ ៥០៥។

​អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងដែរថា ក្នុងរយៈពេល៦ខែនេះ អគ្គនាយកដ្ឋានពន្ធដារ ​បានដោះស្រាយ និងបញ្ចប់ការងារសវនកម្មពន្ធដារគ្រប់ប្រភេទ លើសហគ្រាសសរុបចំនួន ៦ ៤១៨ ករណី ដែលជាកម្មវិធីសវនកម្មចាស់ និងបានដោះស្រាយសំណុំឯកសារបណ្តឹងតវ៉ាលើករណីសវនកម្មពន្ធដារ (វិវាទពន្ធដារ) សរុបចំនួន ៥១៨ ករណី។

​ទន្ទឹមគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ ​បានផ្តល់សេវាពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធចំនួន ៥១ ៩៥០ ករណី ក្នុងនោះតាមរយៈ Call Center 1277 ចំនួន ៣៣ ៧៣៥ ករណី, ប្រព័ន្ធ GDT Live Chat ចំនួន ១៥ ២៤៣ ករណី, បណ្តាញទំនាក់ទំនងសង្គម Facebook ចំនួន ២ ៣២៧ ករណី ព្រមទាំងមានការរៀបចំកម្មវិធីសិក្សាអំពីពន្ធដារតាមប្រព័ន្ធអនឡាញ (Facebook Page) ចំនួន ១៦ លើក, ផ្សព្វផ្សាយតាម GDT News Channel ចំនួន ៦០៧ ករណី, និងកម្មវិធីពន្ធដារកម្ពុជា ចំនួន២២ លើក។

ជាមួយនេះដែរ អគ្គនាយកដ្ឋានពន្ធដារ ​បានផ្តល់សេវាគាំទ្រអេឡិចត្រូនិក e-Tax Service បានចំនួន ១៨ ៥៣៥ ករណី ក្នុងគោលដៅដោះស្រាយបញ្ហា និងការ គាំទ្រការប្រើប្រាស់ប្រព័ន្ធនិងកម្មវិធីនានារបស់អគ្គនាយកដ្ឋានពន្ធដារជូនអ្នកជាប់ពន្ធ និងមន្ត្រីពន្ធដារផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារបន្តពង្រឹងការផ្សព្វផ្សាយ និងការអនុវត្តប្រកបដោយការយកចិត្តទុកដាក់ នូវវិធានការលើកទឹកចិត្តនិងសម្រួលផ្នែកពន្ធដារ ជូនវិស័យឯកជននាពេលកន្លងមក និងក្នុងក្របខ័ណ្ឌវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ក្រោមអធិបតីភាពរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើគុណភាពនៃការផ្ដល់សេវា និងលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន៕