(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកទឹកចិត្តដល់គ្រប់សហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ ជាពិសេសអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត (Voluntary Compliance)។

ការលើកទឹកចិត្ដបែបនេះ របស់លោក គង់ វិបុល ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី «សៀវភៅណែនាំ ស្តីពីបែបបទនិងនីតិវិធី នៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ» និង «សៀវភៅណែនាំស្ដីពី ការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្តិស្ដីពីពន្ធដារ» នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

លោក គង់ វិបុល បានលើកឡើងទៀតថា អគ្គនាយកដ្ឋានពន្ធដារ មានយន្តការសវនកម្ម ដែលជាម៉ែត្រវាស់ នូវកម្រិតអនុលោមភាពសារពើពន្ធ ហើយបន្ថែមពីលើនេះ មន្ត្រីពន្ធដារមានតួនាទីត្រូវបំពេញការងារ ក្នុងនាមគឺជានគរបាលយុត្តិធម៌ ដែលកំណត់ដោយច្បាប់។

ទន្ទឹមគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានជំរុញ និងលើកទឹកចិត្តឲ្យសហគ្រាសអនុវត្តនូវសិទ្ធិរបស់ខ្លួន ក្នុងការតវ៉ាស្របតាមច្បាប់និង លិខិតបទដ្ឋានជាធរមាន ដោយផ្ដល់នូវទឡ្ហីករណ៍ច្បាស់លាស់ ក្នុងការដោះស្រាយ

លោក គង់ វិបុល ក៏បានណែនាំដល់សវនករពន្ធដារទាំងអស់ ឲ្យអនុវត្តការងារស្របតាមក្រមសីលធម៌ វិន័យ និង វិជ្ជាជីវៈ ដូចមានកំណត់ក្នុងឯកសារសៀវភៅណែនាំ (SOP) ទាំងពីរ។

បន្ថែមពីនោះទៀត លោក គង់ វិបុល បានជំរុញឲ្យភ្នាក់ងារ សេវាកម្មពន្ធដារទាំងអស់ ពង្រឹងការផ្ដល់សេវារបស់ខ្លួន ចៀសវាងការប្រកាសបង់ពន្ធ ជូនអ្នកជាប់ពន្ធខុស ឬយឺតយ៉ាវ ឬមានចន្លោះប្រហោង ណាមួយជាយថាហេតុ និងដាច់ខាតត្រូវចៀសឲ្យផុត ពីការពាក់ព័ន្ធនឹងអំពើគេចវេះពន្ធ។

លោក គង់ វិបុល ក៏បានអំពាវនាវ ដល់អ្នកជាប់ពន្ធ ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការប្រកាស និងបង់ប្រាក់ពន្ធឲ្យបានត្រឹមត្រូវ តាមច្បាប់កំណត់ ព្រមទាំងចូលរួមរាយការណ៍នូវរាល់ករណីអសកម្ម ឬការគំរាមកំហែង ពីសំណាក់មន្ត្រីពន្ធដារផងដែរ៕