(បាងកក)៖ ក្រុមហ៊ុន Thai AirAsia បានឱ្យដឹង ថា ការដាច់ប្រព័ន្ធព័ត៌មានវិទ្យាទូទាំងពិភពលោក កាលពីថ្ងៃសុក្របានពន្យារពេលជើងហោះហើររបស់ខ្លួនចំនួន២០០ជើង ដែលប៉ះពាល់ដល់អ្នកដំណើរប្រហែល ៤០ ០០០នាក់ ប៉ុន្តែក្រុមហ៊ុនអាចប្រតិបត្តិការរាល់ជើងហោះហើរ ដែលបានគ្រោងទុកបានវិញហើយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។

អ្នកស្រី Tansita Akrarittipirom ប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Thai AirAsia ត្រូវបានដកស្រង់សម្ដីដោយកាសែតបាកកប៉ុស្តិ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុន AirAsia Group បានដឹកអ្នកដំណើរជាង ៥សែននាក់តាមជើងហោះហើរចំនួន ៣ពាន់ជើងចាប់តាំងពីបញ្ហាបរាជ័យធ្វើបច្ចុប្បន្នភាពប្រព័ន្ធសន្តិសុខ CrowdStrike កាលពីថ្ងៃសុក្របានបណ្តាលឱ្យគាំងប្រព័ន្ធគ្រប់គ្រងការ ចេញដំណើររបស់ក្រុមហ៊ុន។

ការងាកមកធ្វើការងារដោយដៃ ដោយមិនប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ បានបណ្តាលឱ្យមានការពន្យារពេលរយៈពេលពីរថ្ងៃ។

គិតត្រឹមថ្ងៃអង្គារនេះ ក្រុមហ៊ុនអាកាសចរណ៍បានប្រតិបត្តិការធម្មតាឡើងវិញហើយ ដោយបានស្ដារប្រព័ន្ធទាំងអស់ដែលរងផលប៉ះពាល់ ដោយសារការដាច់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននេះ។ ក្រុមហ៊ុនបានបន្តដំណើរការស្តារសេវាកម្មឡើងវិញ សម្រាប់អតិថិជនដែលរងផលប៉ះពាល់កាលពីចុងសប្តាហ៍មុ។

អ្នកស្រី Tansita បានមានប្រសាសន៍ថា ដំណើរការដោយដៃមានការពាក់ព័ន្ធនឹងការអនុលោមតាមបទប្បញ្ញត្តិ និងនីតិវិធីនៃការអនុលោមតាមច្បាប់អន្តោប្រវេសន៍យ៉ាងម៉ត់ចត់ ដើម្បីផ្តល់អាទិភាពដល់សុវត្ថិភាពអាកាសចរណ៍ សន្តិសុខ និងលក្ខខណ្ឌតម្រូវព្រំដែន។

អ្នកធ្វើដំណើរជាច្រើនបានតម្រង់ជួរវែង ដោយសារពួកគេត្រូវតែផ្ទៀងផ្ទាត់ម្តងម្នាក់ៗ។ បរិមាណជើងហោះហើរ និងអ្នកដំណើរច្រើននៅចុងសប្តាហ៍មុនក៏បានរួមចំណែកដល់ការពន្យារពេលជើងហោះហើរផងដែរ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕