(ភ្នំពេញ)៖ ​លោកបណ្ឌិត លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានគូសបញ្ជាក់ថា ធនាគារ SME នឹងពិនិត្យកែលម្អលក្ខខ័ណ្ឌនៃការផ្តល់ឥណទានមួយចំនួន និងបន្ធូរបន្ថយអត្រាការប្រាក់ ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍​ ក្នុងខេត្តសៀមរាប ដើម្បីជំរុញការផ្តល់កម្ចីឱ្យកើនឡើង។

ការពិនិត្យកែលម្អទៅលើលក្ខខ័ណ្ឌកម្ចី និងបន្ធូរបន្ថយអត្រាការប្រាក់នេះ ដោយសង្កេតឃើញការការផ្តល់កម្ចី ដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក្រោមគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ដែលមានទឹកប្រាក់ ១៥០លានដុល្លារ ពិសេសគម្រោងផ្តល់ឥណទាន ជួយដល់ម្ចាស់អាជីវកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលមានទឹកប្រាក់ ៥០លានដុល្លារ មានភាពយឺតយ៉ាវ។

«គម្រោងសហហិរញ្ញប្បទាន ស្តារវិស័យទេសចរណ៍» ​ដែលមានទំហំទឹកប្រាក់ចំនួន ១៥០ លានដុល្លារអាមេរិក ក្នុងនោះ ៧៥ លានដុល្លារអាមេរិក​បានមកពីថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ​និង៧៥លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ​ ត្រូវបានដាក់ឱ្យដំណើរនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ រយៈពេលជាង២ឆ្នាំមកនេះ ការបញ្ចេញកម្ចីតាមរយៈគម្រោងនេះ ទើបតែបាន៥៤លានដុល្លារប៉ុណ្ណោះ ក្នុងនោះថវិការបស់ធនាគារ SME មានចំនួន២៧លានដុល្លារ និង២៧លានដុល្លារទៀត ជាថវិការបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។

ដោយឡែកគម្រោង គម្រោងផ្តល់ឥណទានជួយដល់ម្ចាស់អាជីវកម្ម វិស័យទេសចរណ៍ ក្នុងខេត្តសៀមរាប ដែលមានទឹកប្រាក់ ៥០លានដុល្លារ ក្នុងនោះថវិការបស់ធនាគារ SME មានចំនួន ២៥លានដុល្លារ ដោយបានបង្វែរថវិកា​គម្រោង TRCS និងទឹកប្រាក់ ២៥លានដុល្លារទៀត ជារបស់រាជរដ្ឋាភិបាល​ ដែលបានដាក់ឱ្យអនុវត្តន៍​​នៅដើមឆ្នាំ២០២៤នេះ បញ្ចេញឥណទានបានតែប្រមាណ ៣លានដុល្លារតែប៉ុណ្ណោះ។

​លោក លឹម អូន ​​បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដំណើរការនៃការអនុវត្តគម្រោងនេះ ក៏មានភាពយឺតយ៉ាវគម្រោងមុនផងដែរ ដែលរហូតដល់បច្ចុប្បន្ននេះ ធនាគារ SME ទើបតែបានអនុម័តឥណទានជូនដល់ម្ចាស់អាជីវកម្ម នៅក្នុងវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បានប្រមាណតែ ៣លានដុល្លារប៉ុណ្ណោះ និងកំពុងសិក្សាពាក្យស្នើសុំកម្ចី ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២លានដុល្លារទៀត។

លោកបានពន្យល់ថា ការដែលឥណទាននេះដំណើរការយឺត ដោយសារតែអតិថិជិនភាគច្រើនសុទ្ធតែមានឥណទានចាស់រួចហើយ ដែលមានរហូតដល់ជាង៩០% ខណៈឥណទានចាស់ទាំងនោះក៏មានបញ្ហា ដែលធ្វើពួកគាត់មិនទាន់សម្រេចចិត្តមកទាក់ទងខ្ចីពីធនាគារ SME ហេតុនេះហើយទើបធ្វើឱ្យចំនួនស្នើសុំនៅតិចតួច។

លោកបន្តថា «មួយវិញទៀត អ្នកដែលមកស្នើសុំយើងដែលមានចំនួនមិនច្រើននោះ ពេលយើងសិក្សាមើលទៅគាត់ក៏មានផលលំបាក សំខាន់លទ្ធភាពរកចំណេញរបស់គាត់មានបញ្ហា ដែលយើងពិបាកក្នុងការផ្តល់ជូន។ ជារួមការផ្តល់ជូនឥណទាន យើងចង់ផ្តល់ទៅដើម្បីឱ្យគាត់ប្រើប្រាស់លុយទៅមានការរីកចម្រើន មានលទ្ធភាពក្នុងការពង្រឹងអាជីវកម្មរបស់គាត់។ អីចឹងបើយើងសិក្សាមើលទៅ បើសិនជាការផ្តល់របស់យើងបង្កផលប៉ះពាល់ កាន់តែបង្ក​ផលលំបាកដល់គាត់ ធ្វើឱ្យគាត់មានបំណុលវណ្ឌ.ក យើងមិនផ្តល់ជូនទេ។ ដូច្នេះហើយទាមទារឱ្យយើងសិក្សាម៉ត់ចត់ច្បាស់លាស់ថា តើគាត់ស្នើសុំឥណទាន គាត់យកថវិការបស់យើងទៅប្រើប្រាស់ទេ គាត់មានលទ្ធភាពក្នុងការពង្រីកអាជីវកម្មរបស់គាត់ ឱ្យប្រសើរជាងមុនដែរឬអត់ ក្នុងស្ថានភាពបែបនេះ»

លោកបន្ថែមថា ទោះបីជាយ៉ាងណាក៏ដោយធនាគារ SME ស្វាគមន៍ចំពោះការស្នើសុំកម្ចី ​ហើយធនាគាររបស់រដ្ឋមួយនេះ នឹងពិនិត្យលទ្ធភាពកែលម្អលក្ខខ័ណ្ឌកម្ចីមួយចំនួន ​ព្រមទាំងបន្ធូរបន្ថយអត្រាការប្រាក់ឱ្យទាបជាង ៦.៥% បូករួមទាំងការមិនគិតពីកម្រៃសេវាផ្សេងៗ។​ បច្ចុប្បន្ននេះ អត្រាការប្រាក់ ដែលធនាគារ SME ផ្តល់ជូនម្ចាស់អាជីវកម្ម ក្នុងវិស័យទេសចរណ៍ ក្នុងអត្រា៦.៥%។

ព្រមជាមួយគ្នានេះ ធនាគារ SME ក៏នឹងពិនិត្យទៅលើវិសាលនៃការផ្តល់កម្ចីដល់អាជីវកម្មផ្សេងៗទៀត ដែលស្ថិតនៅក្រោមខ្សែច្រវាក់នៃវិស័យទេសចរណ៍ ដោយមិនផ្តោតតែលើសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាននោះទេ។

​លោក លឹម អូន បានឱ្យដឹងថា នៅពេលខាងមុខនេះធនាគារ SME មានគម្រោងជួបជាមួយក្រសួងទេសចរណ៍ សមាគមទេសចរណ៍ ដើម្បីសិក្សាពីបញ្ហាប្រឈម ដើម្បីកែលម្អទៅលើផលិតផលឥណទាន ដែលមានស្រាប់​នេះ៕