(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានជំរុញឲ្យពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ចម និម្មល អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «ការលើកកម្ពស់កិច្ចសហការ សម្រាប់ការអនុវត្តប្រព័ន្ធត្រួតពិនិត្យ ម្ហូបអាហារនៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព» នាព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហាយយ៉ាត់រេជិនស៊ីភ្នំពេញ។

សិក្ខាសាលានេះ សហការរៀបចំ ដោយក្រសួងពាណិជ្ជកម្ម និងសម្ព័ន្ធនាំចេញម្ហូបអាហារ និងកសិកម្ម (Food and Agriculture Export Alliance «FAEA») ក្រោមកិច្ចឧបត្ថម្ភគាំទ្រពីក្រសួងកសិកម្ម នៃសហរដ្ឋអាមេរិក (US Department of Agriculture «USDA»)។

សិក្ខាសាលាខាងលើនេះ ដោយមានវត្តមានអញ្ជើញចូលរួម ពីលោកភារធារីកិច្ចការបរទេស នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិជាច្រើនរូប។

លោកស្រី ចម និម្មល បានបង្ហាញពីក្តីសង្ឃឹមថា សិក្ខាសាលាថ្នាក់ជាតិនេះ នឹងបង្កើនការយល់ដឹង ដល់គ្រប់ភាគីអ្នកចូលរួម ឲ្យបានកាន់តែស៊ីជម្រៅបន្ថែមទៀត លើក្របខណ្ឌច្បាប់ និងគោលនយោបាយ សុវត្ថិភាពម្ហូបអាហារ តាមរយៈកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍ពីវាគ្មិនជាតិ និងអន្តរជាតិ លើប្រធានបទដែលពាក់ព័ន្ធ។

លោកស្រីរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ជាងពេលណាៗទាំងអស់ ប្រធានបទសុវត្ថិភាពម្ហូបអាហារនេះ ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាបញ្ហាសំខាន់ទី១ ក្នុងចំណោមអតុល្យភាពទាំង១២ ដែលត្រូវយកចិត្តទុកដាក់ និងស្វែងរកដំណោះស្រាយ ដែលគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាពម្ហូបអាហារ (ចាប់ពីកសិដ្ឋាន ដល់កន្លែងបរិភោគ)»

លោកស្រីក៏បានប្រាប់ឲ្យត្រូវសហការ និងផ្ដល់ព័ត៌មានដល់គ្នា ដើម្បីសម្រួលដល់ការធ្វើផែនការ និងរៀបចំកម្មវិធីជាតិ សម្រាប់អនុវត្ត និងវិភាគ ដើម្បីគ្រប់គ្រងហានិភ័យ ដែលអាចកើតមាន នៅគ្រប់ខ្សែច្រវាក់ ផលិតកម្មម្ហូបអាហារ ព្រមទាំងធានាថា រាល់គោលការណ៍ណែនាំ ស្តីពីសុវត្ថិភាពម្ហូបអាហារត្រូវបានអនុវត្ត និងផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងអ្នកប្រើប្រាស់។

ជាមួយគ្នានេះ លោកស្រី ចម និម្មល បានជម្រាបជូនថា ក្រសួងពាណិជ្ជកម្ម បានរៀបចំច្បាប់ បទប្បញ្ញត្តិ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាច្រើនដែលក្នុងនោះ ច្បាប់កំពុងស្ថិតក្នុងសុពលភាពអនុវត្ត ដើម្បីធានាបាននូវ សង្គតភាព និងភាពអនុលោមរបស់ប្រតិបត្តិករធុរកិច្ច ព្រមទាំងបំពេញតាមកាតព្វកិច្ចរបស់កម្ពុជា ជាសមាជិកអង្គការតំបន់ និងអន្តរជាតិ មានជាអាទិ៍៖
* ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក សេចក្តីព្រាងច្បាប់ស្តីពីការទទួលខុសត្រូវ លើផលិតផលមានវិការៈ និងច្បាប់សំខាន់ៗជាច្រើនទៀតផងដែរ។

មុននឹងបញ្ចប់ លោកស្រី ចម និម្មល បានចែករំលែកនូវគំនិតបំផុសយោបល់មួយចំនួន ដូចជា៖
(១)៖ ពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ «ចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ ដើម្បីអាចធានាបាននូវសន្តិសុខស្បៀងអាហារ និងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក»
(២)៖ ការអនុវត្តភាពជាដៃគូរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រឹតតែដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការពង្រឹងសមត្ថភាព ការអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវ «កិច្ចព្រមព្រៀងស្ដីពីវិធានការអនាម័យនិងភូតគាមអនាម័យ» របស់អង្គការ WTO
(៣)៖ ភាពចាំបាច់ក្នុងការធានាបានថា វិធានការនានាពាក់ព័ន្ធគុណភាព សុវត្ថិភាព ជាពិសេស វិធានការ SPS មិនត្រូវបានអនុវត្តក្នុងលក្ខណៈ រើសអើងដោយគ្មានយុត្តិកម្ម ឬភ័ស្តុតាងបែបវិទ្យាសាស្រ្ត និងការវាយតម្លៃហានិភ័យត្រឹមត្រូវ ឬជាវិធានការរឹតត្បិតពាណិជ្ជកម្មអន្តរជាតិបែបបំភាន់ ដែលអាចប៉ះពាល់ដល់សន្តិសុខស្បៀងអាហារក្នុងតំបន់ និងសកលលោក
និង(៤)៖ ការពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារ គ្រង់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការកាត់បន្ថយការបាត់បង់ស្បៀងអាហារ និងការខ្ជះខ្ជាយម្អូបអាហារ និងការគ្រប់គ្រងហានិភ័យដែលអាចកើតមាន តាមខ្សែច្រវាក់ផលិតកម្មកែច្នៃ និងវេចខ្ចប់ម្ហូបអាហារ៕