(ភ្នំពេញ)៖ លោក តាំង ងួនលី ជាអគ្គនាយក នៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បានបង្ហាញពីកត្តា៣យ៉ាងសំខាន់ៗ ក្នុងការជួយជំរុញសេដ្ឋកិច្ចឌីជីថលឲ្យកាន់តែរីកធំធាត់ ព្រោះកាលណាសេដ្ឋកិច្ចឌីជីថលកាន់តែខ្លាំង នឹងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល។

តួអង្គយ៉ាងសំខាន់ៗចំនួន៣ ដែលជួយជំរុញសេដ្ឋកិច្ចឌីជីថលរួមមាន៖ រាជរដ្ឋាភិបាល, វិស័យឯកជន និងប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក តាំង ងួនលី ធ្វើឡើងក្នុងកម្មវិធី Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «តួនាទីនៃសេដ្ឋកិច្ចឌីជីថល លើការអភិវឌ្ឍកម្ពុជា»

លោក តាំង ងួនលី បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយប្រឹងរកចន្ទល់ ឬប្រភពផ្សេងក្រៅពីប្រភព ដែលយើងកំពុងមាននាពេលបច្ចុប្បន្ន ដើម្បីពង្រីកសេដ្ឋកិច្ច ដែលកំពុងមានពី ៣០ពាន់លានដុល្លារ ទៅរកចំនួនដែលធំជាងនេះ ដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ សេដ្ឋកិច្ចឌីជីថលជាប្រភពកំណើនថ្មី ដូច្នេះយើងរំពឹងថា សេដ្ឋកិច្ចឌីជីថលនឹងរួមចំណែក ក្នុងទំហំសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។

លោកបានបន្ថែមថា តាមតួលេខក្នុងឆ្នាំ២០២២ បានបញ្ជាក់ថា សេដ្ឋកិច្ចឌីជីថលមានទំហំទឹកប្រាក់ប្រមាណ ៥.៧ភាគរយ ហើយប្រសិនបើយើងចង់ពង្រីកសេដ្ឋកិច្ចកម្ពុជាឲ្យធំជាងនេះ យើងត្រូវតែពង្រីកសេដ្ឋកិច្ចឌីជីថលឲ្យកាន់តែធំឆ្ពោះទៅរក ១០ភាគរយ។

លោកបានបញ្ជាក់ថា តួអង្គសំខាន់ក្នុងការជំរុញសេដ្ឋកិច្ឋឌីជីថលនេះ គឺមាន ៣សំខាន់រួមមាន រាជរដ្ឋាភិបាល, វិស័យឯកជន និងប្រជាពលរដ្ឋ។ សម្រាប់រាជរដ្ឋាភិបាល គឺត្រូវផ្ដល់សេវាសាធារណៈ ក្នុងទម្រង់ឌីជីថលឲ្យបានច្រើនបំផុត ដើម្បីផ្ដល់លទ្ធភាពបង្កើតបរិយាកាស ដល់ការធ្វើវិនិយោគ ការធ្វើរបស់ប្រជាពលរដ្ឋ និងវិស័យឯកជនបានច្រើនជាងមុន។ ចំណែកវិស័យឯកជន គឺតែងតែដើរទៅរកអ្វី ដែលផ្ដល់ផលចំណេញដល់ខ្លួន ដូច្នេះបើដឹងថាសេដ្ឋកិច្ចឌីជីថលផ្ដល់នូវអត្ថប្រយោជន៍ច្រើន និងជាតម្រូវការរបស់អតិថិជន នោះវិស័យឯកជននឹងដើរទៅដោយខ្លួន​ឯង។

លោកបន្ថែមថា ប៉ុន្ដែអ្វីដែលកាន់តែសំខាន់បំផុត ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថលនេះ គឺប្រជាពលរដ្ឋ ប៉ុន្ដែយើងត្រូវដឹងជាមុនសិនថា តើប្រជាពលរដ្ឋរួចរាល់ ឬនៅ ក្នុងការចាប់យកបច្ចេកវិទ្យាឌីជីថលនេះ? តើប្រជាពលរដ្ឋមានកម្រិតចេះដឹងផ្នែកឌីជីថលជាមូលដ្ឋាន ឬនៅ? មុននឹងឈានទៅដល់ការប្រើប្រាស់កម្មវិធីផ្សេងៗទៀត ដែលរួមចំណែកដល់ទំហំសេដ្ឋកិច្ចឌីជីថល។

លោកបានបញ្ជាក់ថា ដូច្នេះប្រសិនបើមានចំនួនប្រជាពលរដ្ឋកាន់តែច្រើន ប្រើប្រាស់បច្ចេកទេសឌីជីថលនេះ ក្នុងការរស់នៅប្រចាំថ្ងៃ ការធ្វើពាណិជ្ជកម្ម អាជីវកម្មជាប្រចាំថ្ងៃតិច ឬច្រើនក្ដី ជាលទ្ធផលចុងក្រោយ កម្ពុជានឹងបង្កើនទំហំសេដ្ឋកិច្ចឌីជីថល ក្នុងសេដ្ឋកិច្ចរបស់កម្ពុជាទាំងមូលតែម្ដង៕