(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជានៅមានទុនបម្រុងអន្តរជាតិមានចំនួន ២០ប៊ីលានដុល្លារអាមេរិក។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រីបណ្ឌិត ជា សិរី អញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផល ការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមចុងឆមាសទី១នេះ ទុនបម្រុងអន្តរជាតិមានចំនួន២០ប៊ីលានដុល្លារអាមេរិក ដែលប្រហាក់ប្រហែលនឹងចុងឆ្នាំ២០២៣ បើទោះបីជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ នៃស្ថានភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ចអន្តរជាតិ ក៏ដោយ»

លោកស្រីបានឲ្យដឹងទៀតថា បច្ចុប្បន្នទុនបម្រុងអន្តរជាតិ មានកម្រិតស្មើនឹង៧ខែ នៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ ដែលខ្ពស់ជាងកម្រិតអប្បបរមា៣ខែ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវបានចាត់ទុកថា ខ្ពស់គ្រប់គ្រាន់ ក្នុងការរួមចំណែករក្សាជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើស្ថិរភាពសេដ្ឋកិច្ចកម្ពុជា ដែលជាមូលដ្ឋានចាំបាច់មួយ ក្នុងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់។

លោកស្រីបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ការពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុចាំបាច់ ត្រូវការការប្រើប្រាស់រូបិយវត្ថុជាតិ ឲ្យបានទូលំទូលាយនៅក្នុងសេដ្ឋកិច្ច។ នៅត្រង់ចំណុចនេះ ការដាក់ចេញនូវវិធានការលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀល នៅទាមទារការពង្រឹង និងសម្របសម្រួលថែមទៀត ជាពិសេសពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងស្ថានភាពដែលកម្រិតដុល្លារ រូបនីយកម្មបន្តស្ថិតនៅកម្រិតខ្ពស់នៅឡើយ។

បើតាមការបញ្ជាក់របស់លោកស្រីបណ្ឌិត ជា សិរី, នៅក្នុងបរិការណ៍ដែលសេដ្ឋកិច្ច និងនយោបាយពិភពលោក បន្តស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជា និងដើម្បីបន្តគាំទ្រការងើបឡើងនៃសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា បានបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចយ៉ាងសកម្ម ក្នុងការរួមចំណែករក្សាស្ថិរភាពថ្លៃ ការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ និងការរក្សាបានស្ថិរភាព និងការអភិវឌ្ឍនៃប្រព័ន្ធធនាគារដ៏មានទំនុកចិត្តសម្រាប់វិនិយោគិន និងសាធារណជនទូទៅ សំដៅគាំទ្រការវិនិយោគនិងការប្រើប្រាស់។

លទ្ធផលនៃការអនុវត្តការងារទាំងនេះ ត្រូវបានស្ដែងចេញតាមរយៈសូចនាករដូចតទៅ៖ អតិផរណាមានកម្រិតជាមធ្យមត្រឹម ០.៤% ប៉ុណ្ណោះក្នុងឆមាសទី១នេះ ដោយសារការធ្លាក់ចុះនៃថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ និងកម្រិតទាបនៃអតិផរណា ម្ហូបអាហារនិងអតិផរណាស្នូល។ អត្រាអតិផរណាទាបនេះបានរួមចំណែកការពារអំណាចទិញរបស់ចំណូលប្រជាជនកម្ពុជា ស្របពេលដែលអត្រាប្តូរប្រាក់ មានស្ថិរភាពក្នុងកម្រិតមធ្យម ៤,០៧៥ រៀលក្នុងមួយដុល្លារអាមេរិក ដែលបានកើនថ្លៃ ០.៤% ធៀបនឹងគ្រោះដូចគ្នាឆ្នាំមុន។

គួររំលេចថា ការរក្សាអត្រាប្តូរប្រាក់ឲ្យប្រែប្រួលទាបជាង១% គឺជាជោគជ័យមួយរបស់កម្ពុជា បើធៀបនឹងរូបិយប័ណ្ណក្នុងតំបន់ដូចជា រ៉ូពីឥណ្ឌូនេស៊ី ប៉េសូហ្វីលីពីន ដុងវៀតណាម បាតថៃ រីងហ្គីតម៉ាឡេស៊ី និងគីបឡាវ ដែលថយថ្លៃលើសពី ៣.៨%។ ការសម្រេចបាននេះ ក៏ដោយសារការអនុវត្តនយោបាយរូបិយវត្ថុ យ៉ាងប្រុងប្រយ័ត្ន ដោយថ្លឹងថ្លែងពីតម្រូវការ និងការផ្គត់ផ្គង់ប្រាក់រៀល នៅក្នុងសកម្មភាពសេដ្ឋកិច្ច។

បន្ថែមពីនោះទៀត លោកស្រីបណ្ឌិត ជា សិរី បានគួររំលេចថា ប្រសិទ្ធភាពនៃការបើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុនានា ក៏បានចូលរួមកាត់បន្ថយការធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដែលធ្លាប់តែជាឧបករណ៍ចម្បងមួយក្នុងការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ហើយដែលជាទូទៅការធ្វើអន្តរាគមន៍ម្តងៗ អាចធ្វើឲ្យទុនបម្រុងអន្តរជាតិថយចុះផងដែរ។

បើតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទុនបម្រុងអន្តរជាតិនៃប្រទេសមួយ សំដៅលើទ្រព្យសម្បត្តិ ដែលទទួលស្គាល់ជាអន្តរជាតិ ដែលប្រទេសមួយមាន និងត្រូវបានគ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុ សម្រាប់ប្រើក្នុងករណីចាំបាច់ដូចជា៖ ការផ្តល់ហិរញ្ញប្បទានដល់ជញ្ជីងទូទាត់ ប្រសិនបើមានតម្រូវការ, ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងការប្រែប្រួលអត្រាប្តូរប្រាក់ និងការរក្សាជំនឿទុកចិត្តលើរូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា កម្រិតគ្រប់គ្រាន់អប្បបរមានៃទនបម្រុងអន្តរជាតិ ដែលគួរមាន ៣ខែនៃការនាំចូលទំនិញ និងសេវានៅគ្រាខាងមុខ។ មូលហេតុដែល IMF និយមធ្វើការប្រៀបធៀបទុនបម្រុងអន្តរជាតិ ទៅនឹងការនាំចូលដោយសារតែការនាំចូល ជាតម្រូវការលើទំនិញ និងសេវាបរទេស ដែលប្រទេសមួយចាំបាច់ត្រូវការ ដើម្បីផ្គត់ផ្គង់ដល់សេដ្ឋកិច្ចឱ្យបានគ្រប់គ្រាន់ បន្ថែមលើការផលិតក្នុងស្រុក។

កម្រិតខ្ពស់នៃទុនបម្រុងអន្តរជាតិ ធៀបនឹងការនាំចូល បង្ហាញពីលទ្ធភាពខ្ពស់ដែលប្រទេសមួយអាចនាំចូលបាន និងធានាបាននូវដំណើរការល្អនៃសេដ្ឋកិច្ច។ ចំពោះកម្ពុជាទុនបម្រុងអន្តរជាតិ បានកើនឡើងជាលំដាប់ ជាក់ស្តែង ទុនបម្រុងអន្តរជាតិរបស់កម្ពុជា នៅពេលបច្ចុប្បន្នធានា បានការនាំចូលទំនិញប្រើប្រាស់ប្រមាណ៧ខែ លើសពីកម្រិតតម្រូវរបស់ IMF រហូតដល់៥ខែឯណោះ៕