(វ៉ាស៊ីនតោន)៖ តម្លៃមាសបានឡើងថ្លៃជិតដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលពាណិជ្ជករមាសបានរំពឹងថាធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារ និងទិន្នផលមូលបត្របំណុលរបស់រតនាគារធ្លាក់ចុះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តម្លៃមាសម្រាប់ការជួញដូរភ្លាមៗបានកើនឡើង ០,៣ភាគរយដោយជួញដូរក្នុងតម្លៃ ២ ៤៦៤,៩ដុល្លារក្នុងមួយអោន (៨,៣ជី) នៅល្ងាចថ្ងៃព្រហស្បតិ៍ និងបានកើនឡើងដល់កម្រិតខ្ពស់មិនធ្លាប់មានគឺ ២ ៤៨៣,៦ដុល្លារក្នុងមួយអោនកាលពីថ្ងៃពុធ។ តម្លៃមាសក្នុងកិច្ចសន្យាអនាគតនៅអាមេរិកក៏បានឡើងថ្លៃផងដែរគឺកើនឡើង ០,៣ភាគរយដល់ ២ ៤៦៨,២ដុល្លារក្នុងមួយអោន។

លោក Lukman Otunuga អ្នកវិភាគស្រាវជ្រាវជាន់ខ្ពស់មកពីក្រុមហ៊ុន FXTM បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «មាសនៅតែបន្តមានតម្លៃខ្ពស់ដោយសារការរំពឹងទុកកាន់តែខ្លាំងថានឹងមានការទម្លាក់អត្រាការប្រាក់នៅសហរដ្ឋអាមេរិកនៅឆ្នាំនេះ។ ការអត្ថាធិប្បាយនាពេលថ្មីៗដោយមន្ត្រីធនាគារកណ្តាលអាមេរិកកាន់តែធ្វើឱ្យប្រាក់ដុល្លារធ្លាក់ថ្លៃខ្លាំង ហើយការធ្លាក់ចុះទិន្នផលមូលបត្របំណុលរបស់រតនាគារបានធ្វើឱ្យមានចំណាប់អារម្មណ៍លើមាសកាន់តែខ្លាំង»

យោងតាមរ៉យទ័រ ក្រុមអ្នកវិភាគបានឱ្យដឹងថា តម្លៃមាសនឹងបន្តជួញដូរកាន់តែខ្ពស់ក្នុងអំឡុងឆមាសទីពីរក្នុងឆ្នាំ២០២៤នេះ៕