(ប៉េកាំង)៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងនឹងផ្តល់ឥណទានចំនួន ៥ពាន់លានដុល្លារជាមួយនឹងអត្រាការប្រាក់ទាបដើម្បីផ្តល់មូលនិធិដល់គម្រោងផ្លូវដែកសំខាន់ៗរបស់ប្រទេសវៀតណាម។ នេះបើយោងតាមកាសែត VnExpress។

កាសែត VnExpress បានរាយការណ៍ថា លោក Jin Liqun ប្រធានធនាគារ AIIB បានផ្តល់ជូនកម្ចីនេះដល់លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh កាលពីថ្ងៃអង្គារ។

កន្លងមក លោកនាយករដ្ឋមន្ត្រី Chinh បានស្នើសុំការប្រឹក្សាយោបល់និងមូលនិធិទៅកាន់ធនាគារ AIIB សម្រាប់គម្រោងសំខាន់ៗរបស់វៀតណាម ដូចជាផ្លូវរថភ្លើងល្បឿនលឿនពីតំបន់ខាងជើងទៅតំបន់ខាងត្បូង ផ្លូវដែកចំនួនបីខ្សែដែលតភ្ជាប់ភាគខាងជើងវៀតណាមជាមួយប្រទេសចិន និងផ្លូវរថភ្លើងក្នុងទីក្រុងនៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

លោកនាយករដ្ឋមន្ត្រីវៀតណាមបានប្រាប់លោក Liqun ថា វៀតណាមកំពុងកំណត់គោលដៅសំខាន់ៗក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការថែទាំសុខភាព ការអប់រំ វប្បធម៌ កីឡា ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការអភិវឌ្ឍបៃតង និងចរាចរសេដ្ឋកិច្ច។

ប្រទេសវៀតណាមមានតម្រូវការខ្ពស់សម្រាប់ការអភិវឌ្ឍមធ្យោបាយដឹកជញ្ជូនទាំងប្រាំគឺ ផ្លូវថ្នល់ ផ្លូវដែក អាកាសចរណ៍ ផ្លូវសមុទ្រ និងផ្លូវទឹកក្នុងប្រទេស។ នាយករដ្ឋមន្ត្រីវៀតណាមចង់ឱ្យមានការវិនិយោគក្នុងវិស័យទាំងនេះដើម្បីបង្កើតតម្លៃថ្មី កាត់បន្ថយថ្លៃដើមលើការដឹកជញ្ជូន បង្កើនផលិតកម្មនិងអាជីវកម្ម បង្កើតការងារ និងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើយោងតាមកាសែត VnExpress៕