(ភ្នំពេញ)៖ នៅឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជារកចំណូលបានជាង ២១៥លានដុល្លារអាមេរិក ពីការលក់ផលិតផលកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានបញ្ជាក់ឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ មានចំនួន២១៣ ៤៣៥ ៨៤១ ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួន១ ៦០១ ៣៨៦ដុល្លារ»។
បើតាមរបាយការណ៍, គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១,៥១៧ដុល្លារ ក្នុង១តោន កើនឡើងចំនួន១០៧ដុល្លារ ក្នុង១តោន ស្មើនឹង៧.៥៦% ធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែមិថុនា ឆ្នាំ២០២៤ មានតម្លៃ២២២ដុល្លារ ក្នុងមួយម៉ែត្រគីប។
សូមជម្រាបថា ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៧ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣២០ ១៨៤ហិកតា ស្មើនឹង៧៨.៦៤% និងផ្ទៃដីថែទាំមានចំនួន ៨៦,៩៨៨ហិកតា ស្មើនឹង២១.៣៦%។
ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបាន ពីការលក់ផលិតផលកៅស៊ូ មានប្រមាណចំនួន ៥៣៧.៩លានដុល្លារអាមេរិក កើនឡើងប្រមាណចំនួន៦.២លានដុល្លាអាមេរិក ស្មើនឹង១.២% ធៀបឆ្នាំ២០២២៕