(ភ្នំពេញ)៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងឥណទានថ្មីជាមួយដៃគូអភិវឌ្ឍន៍មានទំហំប្រមាណ ១៤០ លានដុល្លារអាមេរិក ថយចុះប្រមាណ ៧១% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣ ខណៈគិតត្រឹមត្រីមាសទី១ ឆ្នាំនេះ កម្ពុជាមានបំណុលជាង ១១.០៩ប៊ីលានដុល្លារអាមេរិក ដែលស្ថិតក្នុងកម្រិតគ្មានហានិភ័យ និងអាចគ្រប់គ្រង។

យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលអាណត្តិថ្មី បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ១៤០.១៤លានដុល្លារអាមេរិក សមមូលនឹង ១០៥.២៥ លានអេសដេអ៊ែរ ស្មើនឹងប្រមាណ៦% នៃពិដានដែលច្បាប់បានអនុញ្ញាត ក្នុងនោះក្របខ័ណ្ឌទេ្វភាគី ១០០% និងក្របខ័ណ្ឌពហុភាគី០%។
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះមានការថយចុះប្រមាណ ៧១%។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា« ឥណទានទាំងនេះ សុទ្ធសឹងតែជាឥណទានមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៤០%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវហិរញ្ញប្បទាន ក្នុងវិស័យអទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម»។

ដោយឡែកការដកសាច់ប្រាក់វិញ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ បានដកសាច់ប្រាក់ឥណទានសម្បនទាន ដែលបានចុះកិច្ចព្រមព្រៀងនាពេលកន្លងមកមានចំនួន ១៤១.៦៤លានដុល្លារអាមេរិកថយចុះប្រមាណ ៤៧%។ ការដកសាច់ប្រាក់នេះ សម្រាប់ប្រើប្រាស់ជាក់ស្តែងទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨៨% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត ១២%។

បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ការចុះកិច្ចព្រមព្រៀងឥណទានថយចុះនេះ អាចមកពីរាជរដ្ឋាភិបាលមានថវិកាបំរុងទុក ដែលឆ្លើយតបទៅនឹងគម្រោងអភិវឌ្ឍន៍សាធារណៈរបស់ខ្លួន។ មួយវិញអាចរដ្ឋាភិបាលមិនចង់បង្កើនបំណុលសាធារណៈឱ្យខ្ពស់ បើធៀបទៅនឹងតម្រូវការគម្រោងវិនិយោគសាធារណៈ។

លោកបន្តថា «គម្រោងអភិវឌ្ឍន៍សាធារណៈមួយចំនួន រាជរដ្ឋាភិបានធ្វើច្រើនហើយ ក្នុងអាណត្តិកន្លងមក ដូចច្នេះនៅក្នុងអាណត្តិជាបន្តបន្ទាប់ គឺរដ្ឋាភិបាលមានលទ្ធភាពនៅក្នុងការបង្វិល ឬលទ្ធភាពដោះស្រាយនូវគម្រោងវិនិយោគសាធារណៈរបស់ខ្លួន នូវគម្រោងសំខាន់ៗដោយខ្លួនឯងបាន ដូច្នេះរដ្ឋាភិបាលមិនចង់ទៅបង្កើននូវបំណុលថែមទៀតទេ។ បើយើងធៀបកាលពីប៉ុន្មានឆ្នាំមុន គឺជាដំណាក់កាលដ៏សំខាន់ ដែលកម្ពុជាត្រូវរៀបចំគ្រឹះមូលដ្ឋាន ឬក៏គ្រឹះសេដ្ឋកិច្ចឱ្យបានរឹងមាំ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាភ្ញៀវទេសចរ ដូច្នេះហើយទើបការវិនិយោគសាធារណៈ ត្រូវការជាចាំបាច់ ដែលត្រូវឱ្យកម្ពុជាត្រូវខ្ចីពីដៃគូអភិវឌ្ឍន៍»។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១.០៩ប៊ីលានដុល្លារអាមេរិក ក្នុងនោះ ៩៩.១២% ត្រូវប្រមាណ១១ប៊ីលានដុល្លារអាមេរិក ជាបំណុលសាធារណៈក្រៅប្រទេស និង០.៨៨% ត្រូវនឹងប្រមាណ៩៨លានដុល្លារអាមេរិក ជាបំណុលសាធារណៈក្នុងប្រទេស។

ស្ថានភាពបំណុលរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពដែលអាចគ្រប់គ្រងបាន ពោលគឺនៅតែមាន«ចីរភាព» និង «ហានិភ័យកម្រិតទាប» ដដែល បើទោះបីជាសេដ្ឋកិច្ចកម្ពុជាទទួលបានរងនូវផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ និងកត្តាពីខាងក្រៅក្តី៕