(ភ្នំពេញ)៖ រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបានចំណាយជិត ៥០០លានដុល្លារ ពីការនាំចូលយានយន្ដពីក្រៅប្រទេស មានការកើនឡើងចំនួន ៤.២% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម ដែលរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីលោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, រយៈពេល៥ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចូលរថយន្ដសរុបចំនួន ១៦,២០៤គ្រឿង បានប្រាក់ពន្ធ និងអាករ ចំនួន៩៨៩.៨៩៥លានរៀល ស្មើនឹងប្រមាណជាង ២៤០លានដុល្លារ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ លោក សឿន ដារ៉ា នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា (CAIF) បានឲ្យដឹងថា ទំហំនៃការនាំចូលរថយន្ត ពីក្រៅប្រទេសមកកាន់ប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយ មានទំនោរថយចុះជារៀងរាល់ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ច។

លោក សឿន ដារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «បើយើងពិនិត្យមើលនិន្នាការ នៃការនាំចូលរថយន្តពីក្រៅប្រទេស នាប៉ុន្មានឆ្នាំចុងក្រោយ ទំហំនៃការនាំចូលរថយន្តមកកាន់ប្រទេសកម្ពុជា មានទំនោរថយចុះ ជារៀងរាល់ឆ្នាំ ដោយសារកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា បានកែប្រែផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ ឲ្យបែរមកទិញរថយន្តថ្មី ជំនួសឲ្យរថយន្តជជុះវិញ»។

បន្ថែមពីនោះទៀត លោក សឿន ដារ៉ា បានគូសបញ្ជាក់ថា ការថយចុះនេះ ដោយសាររថយន្តថ្មី ទទួលបានការធានាទាំងគុណភាព និងសេវាថែទាំ ដោយអ្នកទិញមិនបារម្ភ ក្នុងការជួសជុល ឬចំណាយថែទាំខ្ពស់ ជាមធ្យមមានការធានាគុណភាព រយៈពេល៥ឆ្នាំ ខុសពីរថយន្តជជុះ អាចមានបញ្ហាក្នុងកំឡុងពេលទិញក៏មាន។

នាយកប្រតិបត្ដិសហព័ន្ធឧស្សាហកម្មយានយន្ដកម្ពុជា បានបញ្ជាក់ឲ្យដឹងទៀតថា កត្តានេះ បាននាំឲ្យតម្រូវការរថយន្តថ្មី កើនឡើងជាបន្តបន្ទាប់ ពី១០% នៃចំណែកទីផ្សារ ក្នុងឆ្នាំ២០១៣ កើនដល់ប្រមាណ៤៥% នៅឆ្នាំ២០២៣។

លោក សឿន ដារ៉ា បានឲ្យដឹងថា ជាមួយកំណើននេះ ក្រុមហ៊ុនមួយចំនួន បានសម្រេចបោះទុនវិនិយោគលើរោងចក្រដំឡើង ក្នុងស្រុកមកទល់ឆ្នាំ២០២៤នេះ ក្រុមហ៊ុនរថយន្តចំនួន៧ បានបោះទុនវិនិយោគដំឡើងរថយន្ត ក្នុងប្រទេសកម្ពុជា រួមមានក្រុមហ៊ុន៖ Hyundai, SsangYong, Ford, Toyota, Kia, Isuzu និង GTV។

ទន្ទឹមគ្នានេះ លោក សឿន ដារ៉ា បានលើកឡើងថា ខណៈកំណើន នៃរោងចក្រដំឡើងរថយន្តកើនឡើង ការនាំចូលរថយន្តពីក្រៅប្រទេស បន្តថយចុះជាបន្តបន្ទាប់។ កត្តានេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កម្ពុជារួមមាន៖

* កាត់បន្ថយឱនភាពពាណិជ្ជកម្ម
* បង្កើន និងទាក់ទាញការវិនិយោគ ក្នុងឧស្សាហកម្មធន់ធ្ងន់មកកាន់ប្រទេសកម្ពុជា
* បង្កើតការងារ ផ្ទេរបច្ចេកវិទ្យា និងជំនាញបច្ចេកទេស
* ជំរុញកំណើនសេដ្ឋកិច្ចជាតិ ត្បិតមានការថយចុះចំណូលពន្ធគយ តែនឹងកើននូវចំណូលពន្ធដារជំនួសវិញ។
* រថយន្តមានតំលៃធូរថ្លៃជាងការនាំចូល។

សូមបញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ការលក់រថយន្ដ ទាំងរថយន្ដថ្មី និងរថយន្ដជជុះនៅកម្ពុជា មានការធ្លាក់ចុះប្រមាណ២៥% ដោយក្នុងនោះ ការលក់រថយន្ដជជុះ មានការធ្លាក់ចុះជិត៣០% ខណៈការលក់រថយន្ដថ្មី ធ្លាក់ចុះប្រមាណ២០%៕