(ភ្នំពេញ)៖ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍអគារ សហកម្មសិទ្ធិ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មផ្តល់សេវាកម្មអចលនវត្ថុ អាជីវកម្មបញ្ចាំ និងអាជីវកម្មប្រាតិភោគ ដោយអនុប្បទាន ដែលកំពុងធ្វើអាជីវកម្មដោយគ្មានអាជ្ញាបណ្ណ ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឱ្យបានត្រឹមត្រូវ។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បញ្ជាក់ថា ការប្រកបអាជីវកម្មដោយគ្មានអាជ្ញាបណ្ណគឺជាអំពើល្មើស ដែលត្រូវចាត់វិធានការរដ្ឋបាល និងទោសទណ្ឌស្របតាមបទប្បញ្ញត្តិជាធរមាន។

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បន្ថែមថា «ដើម្បីទប់ស្កាត់នូវសកម្មភាពប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ព្រមទាំងលើកទឹកចិត្តដល់ ការធ្វើធុរកិច្ចប្រកបដោយសុចរិត ន.អ.ប. សូមក្រើនរំលឹកដល់ម្ចាស់ក្រុមហ៊ុន/សហគ្រាស/គម្រោង ដែលប្រកប អាជីវកម្មគ្មានអាជ្ញាបណ្ណពី ន.អ.ប. ត្រូវមកបំពេញបែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណនៅអគារ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លេខ១៦៨F ជាន់ទី៧ ផ្លូវ៥៩៨ សង្កាត់ច្រាំងចំរេ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»