(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា មានការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការផ្ទេរថ្លៃ និងសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ» ក្រោមអធិបតីភាពរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បានថ្លែងអំណរគុណ ចំពោះវត្តមានដ៏ច្រើនកុះកររបស់ឧកញ៉ា លោក លោកស្រី និងនាងកញ្ញា ជាអភិបាល តំណាងសហគ្រាស ភ្នាក់ងារសេវាកម្មពន្ធដារ ដែលមានវត្តមាននាថ្ងៃនេះ គឺបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ ក្នុងការឈ្វេងយល់ និងចូលរួមបំពេញកាតព្វកិច្ចសារពើពន្ធ ក្នុងគោលដៅពង្រឹងអនុលោមភាពសារពើពន្ធ ជាពិសេស តាមរយៈអនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត (Voluntary Compliance)។

អគ្គនាយកដ្ឋានពន្ធដារ បាននិងបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងសម្រួលពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

មួយវិញទៀត អនុលោមទៅតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលផ្តោតលើការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ និងដើម្បីចូលរួមពង្រឹងអភិបាលកិច្ចសាជីវកម្មរបស់វិស័យឯកជន ព្រមទាំងដើម្បីបន្តពង្រឹងសមត្ថភាពការងារគ្រប់គ្រងនិងប្រមូលចំណូលពន្ធ។

រដ្ឋបាលសារពើពន្ធបាន និងកំពុងបន្តរៀបចំនិងបន្តលើកកម្ពស់ ភាពស្អាតស្អំរបស់មន្ត្រី ព្រមទាំងបាន និងកំពុងធ្វើទំនើបកម្មប្រព័ន្ធគ្រប់គ្រង និងប្រតិបត្តិជាបន្តបន្ទាប់ ជាពិសេសការព្យាយាមវិវត្ត ខ្លួនទៅជារដ្ឋបាលសារពើពន្ធទំនើប ស្របតាមឧត្តមានុវត្តន៍តំបន់និងអន្តរជាតិ និងបរិការណ៍សង្គម-សេដ្ឋកិច្ចឌីជីថល។

លោកបានលើកឡើងថា​ វត្តមានដ៏កុះកររបស់ឧកញ៉ា លោក លោកស្រី និងនាងកញ្ញា ជាអភិបាល តំណាងសហគ្រាស ភ្នាក់ងារសេវាកម្មពន្ធដារ ដែលចូលរួមផ្ទាល់នាថ្ងៃនេះ ឆ្លុះបញ្ចាំងអំពីឆន្ទៈក្នុងការពង្រឹងអនុលោមភាពសារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព គ្នា ក៏ដូចជាទប់ស្កាត់បទល្មើសពន្ធដារ។

លោកថា សិក្ខាសាលានាថ្ងៃនេះ គឺជាផ្នែកមួយនៃការពង្រឹងការផ្សព្វផ្សាយ និងលើកកម្ពស់វប្បធម៌បង់ពន្ធ តាមរយៈការរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាល ដោយគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលសរុបចំនួន ៤០០ លើក មានសិក្ខាកាមចូលរួមចំនួន ៥៦ ១៧៣ រូប និងបានផ្ដល់សេវាពិគ្រោះយោបល់ តាមគ្រប់មធ្យោបាយសរុបចំនួន ៥១ ៩៥០ ករណី។

អគ្គនាយកដ្ឋានពន្ធដារបានយកចិត្តទុកដាក់ ក្នុងការបន្តធ្វើឱ្យប្រសើរឡើង ជាបន្តបន្ទាប់នូវការផ្តល់សេវាអ្នកជាប់ពន្ធដើម្បី លើកកម្ពស់វប្បធម៌បង់ពន្ធ និងពង្រឹងអនុលោមភាពសារពើពន្ធ ដែលនឹងធានាបាននូវចីរភាពចំណូល សម្រាប់ជាប្រយោជន៍ នៃថវិកាជាតិ ស្របតាមយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាល។

ថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារបានរៀបចំ និងផ្សព្វផ្សាយនូវសៀវភៅណែ នៃស្តីពីបែបបទនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ (SOP on Auditing) និងសៀវភៅណែនាំស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌលើ បទប្បញ្ញត្តិស្តីពីពន្ធដារ (SOP on Investigation)។

លោករដ្ឋមន្ត្រីប្រតិភូបានបន្ថែមថា អគ្គនាយកដ្ឋានពន្ធដារ លើកទឹកចិត្តដល់គ្រប់សហគ្រាស អ្នកជាប់ពន្ធ និងភ្នាក់ងារសេវាកម្មពន្ធដារ ចូលរួមពង្រឹងអនុលោមភាពសារពើពន្ធ ជាពិសេស អនុលោមភាពសារពើពន្ធដោយស្ម័គ្រចិត្ត (Voluntary Compliance) ជាជាងអនុលោមភាពសារពើពន្ធ ដោយបង្ខំ (Force Compliance)។

អគ្គនាយកដ្ឋានពន្ធដារ មានយន្តការសវនកម្ម ដែលជាម៉ែត្រវាស់នូវកម្រិតអនុលោមភាពសារពើពន្ធ ហើយបន្ថែមពីលើនេះ មន្ត្រីពន្ធដារមានតួនាទីត្រូវបំពេញការងារក្នុងនាម គឺជានគរបាលយុត្តិធម៌ ដែលកំណត់ដោយច្បាប់។

លោកបន្តថា ជារូបភាពខ្លះៗ នៃការផ្ទេរថ្លៃ កន្លងមកពាក់ព័ន្ធនឹងការចុះបញ្ជីពន្ធដារមានបុគ្គល ដែលជួលឱ្យគេឈរឈ្មោះជំនួស (ក្លែង បន្លំអត្តសញ្ញាណម្ចាស់ពិតប្រាកដ និងមិនមែនជាអ្នកទទួលផលពិតប្រាកដពីអាជីវកម្ម) អាចជាគោលដៅនៃការបង្កើត សហគ្រាសក្លែងក្លាយដើម្បីបំប៉ោងចំណាយ ក្លែងវិក្កយបត្រ និងគេចវេះពន្ធ។

ជាមួយគនានេះ លោកជំរុញឱ្យភ្នាក់ងារសេវាកម្មពន្ធដារទាំងអស់ ពង្រឹងការផ្ដល់សេវារបស់ខ្លួន ចៀសវាងការប្រកាសបង់ពន្ធ ជូនអ្នកជាប់ពន្ធខុស ឬយឺតយ៉ាវ ឬមានចន្លោះប្រហោងណាមួយជាយថាហេតុ និងដាច់ខាតត្រូវចៀសឱ្យផុតពីការពាក់ព័ន្ធនឹងអំពើគេចវេះពន្ធ។

លោកអំពាវនាវដល់អ្នកជាប់ពន្ធ ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈការប្រកាស និងបង់ប្រាក់ពន្ធឱ្យបានត្រឹមត្រូវតាម ច្បាប់កំណត់ ព្រមទាំងចូលរួមរាយការណ៍នូវរាល់ករណីអសកម្ម ឬការគំរាមកំហែងពីសំណាក់មន្ត្រីពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តជំរុញ និងបង្កើនល្បឿននៃការធ្វើបរិវត្តកម្មរដ្ឋបាលសារពើពន្ធ (Digital Transformation of Tax Administration) ដើម្បីឱ្យអគ្គនាយកដ្ឋានពន្ធដារព្យាយាមសម្រេចឱ្យបាននូវដំណើរបរិវត្តកម្មរដ្ឋបាលសារពើពន្ធពីជំនាន់ទី១.៥ (Tax Administration 1.5) ទៅជំនាន់ទី២.៥ (Tax Administration 2.5) និងឈានទៅដល់រដ្ឋបាលសារពើពន្ធជំនាន់ទី៣.០ (Tax Administration 3.0) ដែលដំណើរនេះក៏ស្របទៅតាមនិន្នាការ និងតម្រូវការក៏លឿនរហ័សនៃការធ្វើបរិវត្តកម្ម រដ្ឋបាលសារពើពន្ធក្នុងតំបន់និងសកលលោក។

នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ អគ្គនាយកដ្ឋានពន្ធដារគ្រោងនឹងរៀបចំសិក្ខាសាលាមួយទៀត ដោយ ផ្តោតសំខាន់លើប្រធានបទ ស្តីពីសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារ និងអ្នកជាប់ពន្ធ (SOP on Auditing) និងសៀវភៅណែនាំ ស្តីពីការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌ លើបទប្បញ្ញត្តិស្តីពីពន្ធដារ (SOP on Investigation)។

សិក្ខាសាលារៀបចំឡើងនេះ បានផ្តោតលើប្រធានបទសំខាន់ៗចំនួន ២ រួមមាន៖

* ទី១.ការផ្ទេរថ្លៃ (Transfer Pricing) ដោយ លោក ត្រាំង ឡៃ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស៖ ខ្លឹមសារ នៃបទបង្ហាញ បានលើកឡើងអំពី ១.អ្វីជាការផ្ទេរថ្លៃ ២.ការផ្ទេរថ្លៃក្នុងបរិការណ៍អន្តរជាតិ ៣.ការផ្ទេរថ្លៃក្នុងបរិការណ៍ កម្ពុជា ៤.បញ្ហាដែលជួបប្រទះកន្លងមក និង៥.សេចក្តីណែនាំលេខ ១០៩៧៩ អពដ (ឆ្នាំ២០២២)

* ទី២.សៀវភៅណែនាំស្តីពីបែបបទនិងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារសម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ (SOP on Auditing) ដោយលោក ជួរ សែ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាស៖ ខ្លឹមសារនៃបទបង្ហាញ បានលើកឡើងអំពី ១.មុខងារ សវនកម្មពន្ធដារ ២.បែបបទ នីតិវិធី និងរំហូរការងារ ៣.សិទ្ធិ អំណាច និងកាតព្វកិច្ចរបស់រដ្ឋបាលសារពើពន្ធ អ្នកជាប់ពន្ធ និងតំណាងអ្នកជាប់ពន្ធ ៤.ក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈរបស់មន្រ្តីពន្ធដារ និងអ្នកជាប់ពន្ធ ៥.យន្តការ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និង៦.យន្តការរាយការណ៍ និងប្តឹង៕