(ហ្សាការតា)៖ ឱនភាពថវិការបស់ប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំនេះ ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២,៧ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលខ្ពស់ជាងទិសដៅរបស់រដ្ឋាភិបាលដែលមានតែ ២,២៩ភាគរយ ដោយសារការចំណាយរបស់រដ្ឋរំពឹងថានឹងកើនឡើងស្របពេលដែលប្រាក់រូពៀធ្លាក់ថ្លៃ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ប្រាក់រូពៀរបស់ឥណ្ឌូណេស៊ីបានធ្លាក់ចុះថ្លៃដល់ ១៦ ៤៧៥រូពៀក្នុងមួយដុល្លារអាមេរិកកាលពីខែមុន ដែលជាតម្លៃទាបបំផុតក្នុងរយៈពេល ៤ឆ្នាំ ដោយសារការកើនឡើងថ្លៃប្រាក់ដុល្លារ និងការព្រួយបារម្ភអំពីផែនការចំណាយរបស់រដ្ឋាភិបាលថ្មីដែលនឹងចូលមកដឹកនាំនៅពេលខាងមុខ។ រូបិយប័ណ្ណនេះបានធ្លាក់ចុះថ្លៃប្រហែល ៦,៣ភាគរយនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ។

ការចំណាយរបស់រដ្ឋាភិបាលលើការឧបត្ថម្ភធនប្រេងឥន្ធនៈបានកើនឡើងដោយសារតែប្រាក់រូពៀធ្លាក់ចុះថ្លៃ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ្នកស្រី Sri Mulyani Indrawati បាននិយាយថា រដ្ឋាភិបាលនឹងប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងបំណុលរបស់ខ្លួន ហើយនឹងបង្កើនប្រសិទ្ធភាពការប្រើប្រាស់សាច់ប្រាក់ដែលលើសរបស់ខ្លួនពីថវិកាកាលពីឆ្នាំមុន។

អ្នកស្រីបាននិយាយថា រដ្ឋាភិបាលនឹងប្រើប្រាស់ប្រាក់ប្រហែល ១០០ពាន់ពាន់លានរូពី (៦,១៥ពាន់លានដុល្លារ) ដែលលើសពីទិសដៅឆ្នាំមុន ដើម្បីកាត់បន្ថយការបោះផ្សាយបំណុលនៅឆ្នាំនេះ។ អ្នកស្រីបានប្រាប់គណៈកម្មាធិការថវិកាសភាឥណ្ឌូណេស៊ីថា៖ «សង្ឃឹមថា ការធ្វើដូចនេះនឹងជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការផ្លាស់ប្តូរអត្រាប្តូរប្រាក់ និងទិន្នផលសញ្ញាបណ្ណរដ្ឋាភិបាល»។

ក្នុងរយៈពេលប្រាំមួយខែដំបូងក្នុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីបានប្រកាសឱនភាពសារពើពន្ធចំនួន ០,៣៤ភាគរយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕