​(ភ្នំពេញ)៖ សមាគធនាគារ និងមីក្រូហិរញ្ញវត្ថុ ​បន្តលើកកម្ពស់កិច្ចការពារអតិថិជនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ប្រកបដោយចីរភាព ​ការទទួលខុសត្រូវ ​និងបរិយាបន្ន តាមរយៈការរៀបចំសិក្ខាសាលាថ្នាក់តំបន់នៅខេត្តចំ​នួន៤ សម្រាប់ប្រធានសាខាធនាគារ និងមីក្រូហរិញ្ញវត្ថុ «ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន»

សិក្ខាសាលាទាំងនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងជូនប្រធានសាខា អំពីការទទួលខុសត្រូវសំខាន់ៗ ក្នុងការធ្វើប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈសំដៅពង្រឹងភាពធន់នៃវិស័យធនាគារនិងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន។

លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា សិក្ខាសាលាថ្នាក់តំបន់នេះគឺជាយន្តការដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការយល់ដឹងពាក់ព័ន្ធនឹងការវិវត្តនៃប្រព័ន្ធធនាគារ ច្បាប់និងបទប្បញ្ញត្តិ ក្រមប្រតិបត្តិ វិធានផ្តល់ឥណទាន គោលការណ៍អភិបាលកិច្ចល្អ និងវិធីសាស្ត្រគ្រប់គ្រងប្រតិបត្តិការនៅតាមសាខា ព្រមទាំងផ្តល់ឱកាសឲ្យសមាគម ក៏ដូចជាគ្រឹះស្ថានអាចស្វែងយល់អំពីបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៃប្រតិបត្តិការអាជីវកម្មនៅតាមសាខាខេត្ត និងក្រុង/ស្រុកនានា ដើម្បីអាចធានាពីប្រសិទ្ធភាពក្នុងការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ បរិយាបន្ន ក្រមសីលធម៌វិជ្ជាជីវៈ និងកិច្ចការពារអតិថិជន។

លោក កំណាន់ បានគូសបញ្ជាក់ថា៖« ក្នុងឋានៈជាថ្នាក់ដឹកនាំសាខា ឬតំបន់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ការប្រកាន់ខ្ជាប់នូវគោលការណ៍អភិបាលកិច្ច ដែលផ្តោតជាពិសេសលើចីរភាព ប្រសិទ្ធភាព ការទទួលខុសត្រូវ និងបរិយាបន្ន ពិតជាមានសារៈសំខាន់ណាស់ ដោយសារគោលការណ៍ទាំងនេះ មិនត្រឹមធានានូវជោគជ័យនិងកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប៉ុណ្ណោះទេ វាក៏បានរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងវិស័យធនាគារទាំងមូល។

លោកកំណាន់ ក៏បានរំលឹកជូនថាថ្នាក់ដឹកនាំសាខា ឬតំបន់ មានការទទួលខុសត្រូវចំពោះគ្រឹស្ថានខ្លួនឯង អតិថិជន សហគមន៍ វិស័យ និងភាគីពាក់ព័ន្ធដទៃទៀត ហើយការទទួលខុសត្រូវសំខាន់បំផុត គឺលើកកម្ពស់ក្រមវិជ្ជាជីវៈឱ្យបានខ្ពស់បំផុត ដើម្បីធានាឱ្យមានតម្លាភាព និងគណនេយ្យភាពក្នុងប្រតិបត្តិការរបស់ខ្លួន។

លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សានៃសមាគមធនាគារនៅកម្ពុជាបានឱ្យដឹងដែរថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាប្រកបដោយបុរេសកម្ម និងបន្តគាំទ្រការប្រកបអាជីវកម្មប្រកបដោយការទទួលខុសត្រូវខ្ពស់ និងលើកកម្ពស់កិច្ចការពារអតិថិជន សមាគមទាំងពីរនិងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងៗទៀត ក្រោមការគំាទ្រពីធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យអនុវត្តនូវគំនិតផ្តួចផ្តើមសំខាន់ៗជាច្រើន រួមមានដូចជា៖ ១). ក្រមប្រតិបត្តិសម្រាប់វិស័យធនាគារនិងហិរញ្ញវត្ថុ ២). ស្តង់ដាកិច្ចសន្យាឥណទាននិងខចែងស្តង់ដាកិច្ចសន្យាឥណទាន ៣). ការពង្រឹងកិច្ចការពារអតិថិជន និងការដាក់ដំណើរការលេខបណ្តឹងតវ៉ានិងយន្តការដោះស្រាយបណ្តឹង រវាងអតិថិជន និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ៤). ការដាក់ចេញកម្មវិធីវិញ្ញាបនបត្រនៃការផ្តល់ឥណទានប្រកបដោយការទទួលខុសត្រូវ ៥). គម្រោងពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ ៦). សិក្ខាសាលាសម្រាប់ប្រធាននាយកប្រតិបត្តិនិងក្រុមប្រឹក្សាភិបាលឬភាគទុនិក ៧). ការផ្សព្វផ្សាយបញ្ជីឈ្មោះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលទទួលបានអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា និង ៨). ការផ្សព្វផ្សាយការអប់រំទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុគ្រប់ទម្រង់ផ្សេងៗ។

លោកស្រី ឌីត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា៖ «ឆ្នាំ២០២៤នេះគឺជាឆ្នាំទី៣ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចំពោះការរៀបចំសិក្ខាសាលាថ្នាក់តំបន់។ កាលពីឆ្នាំ២០២២ និង ២០២៣ ការរៀបចំគឺផ្តោតទៅលើស្ថាប័នដែលជាសមាជិករបស់របស់សមាគមមីក្រូហិរញ្ញវត្ថុប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤ សិក្ខាសាលារបស់យើងគឺផ្តោតទៅលើសមាជិកដែលមកពីសមាគមទាំង២ ដោយពង្រឹងទៅលើប្រតិបត្តិការអាជីវកម្មប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ លើកកម្ពស់កិច្ចការពារអតិថិជន ដើម្បីចូលរួមចំណែកធានាបាននៅនិរន្តរភាពនិងភាពធន់របស់វិស័យ ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥»

លោកស្រីបន្ថែមថា៖ «សមត្ថភាពគ្រប់គ្រង និងដឹកនាំរបស់ប្រធានសាខា គឺជាកត្តាចាំបាច់ក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការសាខា និរន្តភាពរបស់គ្រឹះស្ថាន និងអតិថិជន។ លើសពីនេះទៅទៀត ប្រធានសាខានីមួយៗ ជាអ្នកដឹកនាំធ្វើឲ្យគ្រឹះស្ថានមានកេរិ៍្តឈ្មោះល្អ តាមរយៈការដឹកនាំក្រុមការងាររបស់ខ្លួនដោយផ្ទាល់ ក្នុងប្រតិបត្តិការផ្តល់សេវាហិរញ្ញវត្ថុ ប្រាស្រ័យទាក់ទង និងបម្រើសេវាជូនអតិថិជនផ្ទាល់ដោយក្រមសីលធម៌ វិជ្ជាជីវៈ។ ដើម្បីបំពេញតួនាទីនិងភារកិច្ចនេះប្រកបដោយប្រសិទ្ធភាព ប្រធានសាខាឬថ្នាក់ដឹកនាំសាខាត្រូវស្វែងយល់ឲ្យបានទូលំទូលាយនូវបទដ្ឋានគតិយុត្ត ច្បាប់ និងបទបញ្ញត្តិផ្សេងៗដែលពាក់ព័ន្ធ ការវិវត្ត ឱកាស និងកត្តាគំរាមកំហែងផ្សេងៗក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម»

សូមជម្រាបផងដែរថា សិក្ខាសាលាទី១ ត្រូវបានរៀបចំទ្បើងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ​។ ដោយឡែកសិក្ខាសាលាបន្តបន្ទាប់ទៀត នឹងត្រូវរៀបចំទ្បើងនៅក្នុងខេត្តបាត់ដំបង រាជធានីភ្នំពេញ និងខេត្តរតនគិរី ដែលនឹងគ្របដណ្តប់ទៅលើតំបន់សំខាន់ៗ​នៅកម្ពុជា៕