(ទីក្រុងអ៊ិចសង់ប្រូវ៉ង់ ប្រទេសបារាំង)៖ ក្រុមហ៊ុនផលិតទំនិញប្រណីតបារាំង LVMH បានឱ្យដឹងថាការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃដែលធ្វើឡើងដោយប្រទេសចិនទៅលើឧស្សាហកម្មកូញាក់របស់អឺរ៉ុបគឺជាប្រតិកម្មសងសឹកទៅនឹងការដកហូតពន្ធគយរបស់សហភាពអឺរ៉ុបលើរថយន្តអគ្គិសនីរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីថ្ងៃសុក្រ ប្រទេសចិនបានប្រកាសផែនការបើកសវនាការអំពីទំនិញនាំចូលម៉ាកយីហោអឺរ៉ុប ដែលបង្កើនភាពតានតឹងនៅថ្ងៃតែមួយដែលពន្ធគយបណ្តោះអាសន្នរបស់គណៈកម្មការអឺរ៉ុបលើរថយន្តអគ្គិសនីដែលផលិតនៅប្រទេសចិនបានចូលជាធរមាន។

លោក Jean-Jacques Guiony ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន LVMH ដែលជាម្ចាស់ក្រុមហ៊ុនផលិតស្រាកូញាក់ Hennessy សម្លៀកបំពាក់ Louis Vuitton និងទំនិញម៉ាកប្រណីតជាច្រើនទៀតផ្សេងទៀត ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ទោះបីយើងគឺជាក្រុមហ៊ុនលំដាប់ពិភពលោកមួយ ដែលមានតួនាទីសំខាន់ក្នុងសកលភាវូនីយកម្មក៏ដោយ ក៏យើងអាចក្លាយជាជនរងគ្រោះចំពោះសកម្មភាពដែលយើងមិនបានធ្វើ ដូចក្នុងករណីរបស់យើង។

លោក Guiony មានប្រសាសន៍ថា៖ «រាល់ពេលដែលយើងរងគ្រោះនៅក្នុងជម្លោះពាណិជ្ជកម្មនៅកន្លែងណាមួយ ...យើងមានឱកាសចរចារ និងពន្យល់ថា យើងមិនលក់បង្ខូចថ្លៃទេ។ តម្លៃស្រាកូញាក់គឺជាតម្លៃត្រឹមត្រូវ»

ការអត្ថាធិប្បាយរបស់លោកធ្វើឡើងក្នុងអំឡុងពិភាក្សាជាក្រុមអំពីពាណិជ្ជកម្មនៅក្នុងសន្និសីទសេដ្ឋកិច្ចមួយនៅទីក្រុងអ៊ិចសង់ប្រូវ៉ង់ ស្ថិតនៅភាគខាងត្បូងប្រទេសបារាំង។

ក្រុមហ៊ុន LVMH ផលិតទំនិញពីស្បែក សម្លៀកបំពាក់ ស្រា និងស្រាសំប៉ាញ ដែលភាគច្រើននៅប្រទេសបារាំង និងអ៊ីតាលី ហើយនាំចេញទៅកាន់ជុំវិញពិភពលោក។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះគឺលោក Bernard Arnault ដែលជាអ្នកមានបំផុតទីបីក្នុងពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍កាលពីថ្ងៃសុក្រថា ក្រុមហ៊ុន Hennessy និងក្រុមហ៊ុនផលិតស្រាកូញាក់អឺរ៉ុបផ្សេងទៀតនឹងចូលរួមសវនាការដែលធ្វើងឡើងស្ថិតក្រោមការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃរបស់ប្រទេសចិនលើឧស្សាហកម្មស្រាកូញាក់នៅទីក្រុងប៉េកាំងនៅថ្ងៃទី១៨ ខែកក្កដា។ ស្រាកូញ៉ាក់បារាំងមានចំណែកភាគច្រើននៃស្រាកូញាក់ដែលនាំចូលទៅកាន់ប្រទេសចិន៕