(ភ្នំពេញ)៖ ​លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុននាំចេញអង្ករ Amru Rice បានឱ្យដឹងថា សហគមន៍អឺរ៉ុប និងចិន គឺជាទីផ្សារសំខាន់ របស់កម្ពុជាក្នុងការនាំចេញអង្ករ ដែលអាចធ្វើឱ្យទទួលបានប្រាក់ចំណេញខ្ពស់ ​និងអាចឱ្យកម្ពុជា មានឱកាសក្នុងការបង្ហាញម៉ាកសញ្ញាអង្ករកម្ពុជានៅក្នុងទីផ្សារអន្តរជាតិ ដែលធ្វើឱ្យអន្តរជាតិកាន់តែស្គាល់កម្ពុជា។

លោក សុង សារ៉ន លើកឡើងបែបនេះ ធ្វើឡើង កម្មវិធី​ FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ផលិតភាពនៃការកែច្នៃអង្ករកម្ពុជា»​ របស់បណ្តាញព័ត៌មាន Fresh News។

លោកបានឱ្យដឹងថា ដំបូងឡើយទីផ្សារទី១ ដែលកម្ពុជាចង់ជំរុញការនាំចេញឱ្យបានលឿនជាងគេ គឺអាស៊ាន ដែលអាចងាយស្រួលដល់ការទំនាក់ទំនងរកស៊ី និងដឹកជញ្ជូន​​ ហើយទីផ្សារបន្ទាប់ គឺអាស៊ី មានដូច​ឥណ្ឌូប៉ាស៊ីហ្វីក ​ហុងកុង ចិន និងទីផ្សារទី៣ គឺសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក អូស្រ្តាលី និងប្រទេសហ្វ្រិកជាដើម។

ប៉ុន្តែយ៉ាងនេះក្តី សម្រាប់ស្ថានភាពទីផ្សារនាំចេញអង្កររបស់កម្ពុជា ​ដែលធ្វើឱ្យកម្ពុជាទទួលបានប្រាក់ចំណេញល្អប្រសើរ គឺសហគមន៍អឺរ៉ុប ដែលជាប្រទេសមួយបង្កលទ្ធភាពឱ្យយើងលក់នូវអង្ករក្រអូបបានធំទូលាយជាង មានលទ្ធភាពប្រកួតប្រជែងខ្ពស់ជាង។ទីផ្សារមួយទៀត គឺ​ប្រទេសចិន គឺជាប្រទេសដែលកំពុងមានសេដ្ឋកិច្ចងើប ដែលធ្វើឱ្យតម្រូវការមានខ្ពស់។

លោកលើកឡើងថា ដើម្បីឱ្យវិស័យស្រូវអង្ករ និងសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន លុះត្រាតែកម្ពុជាលក់ផលិតផលសម្រេច ដើម្បីឱ្យគេស្គាល់កម្ពុជា ព្រោះការលក់អង្ករដែលមិនមានផ្លាកយីហោ អ្នកប្រើប្រាស់នឹងមិនស្គាល់ពីប្រភពនៃដើមនៃអង្ករនោះទេ។ ទីផ្សារដែលអាចឱ្យកម្ពុជា បញ្ជ្រាបម៉ាកយីហោរបស់ខ្លូនបានគឺទីផ្សារអឺរ៉ុប ចិន និងសហរដ្ឋអាមេរិក។

លោកពន្យល់បន្តថា «​ពីរ បីឆ្នាំទៅមុខទៀត យើងត្រូវជំរុញល្បឿននៃការខ្ចប់អង្ករទៅដល់ទីផ្សារ ដែលមានឈ្មោះកម្ពុជា (ប្រ៊េនអង្ករកម្ពុជា) ឱ្យបានច្រើន ។ នៅពេលយើងផុត EBA ឬជាប្រទេសដែលត្រូវជាប់ពន្ធដូចគេដូចឯងនោះ គេនឹងស្គាល់យើង ។ អីចឹងជាអ្វីដែលយើងចង់ឱ្យបានក្នុងរយៈពេល៣ឆ្នាំនេះ ប្រទេសដែលអាចឱ្យយើងធ្វើអាហ្នឹងបានគឺសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន ហើយអាស៊ានអាចផ្លាស់ប្តូរ ដោយសារអាស៊ានជាប្រទេសដែលហូបអង្ករស គឺ​ជាប្រភេទអង្ករដែលមានគុណភាពទាប ហើយជាទូទៅវៀតណាម ឥណ្ឌា ប៉ាគីស្ថាន ថៃ គាត់ខ្លាំងក្នុងផលិតអង្ករស។ ហេតុនេះហើយកម្ពុជាយើង យើងសម្រុកទៅប្រទេសសហគមន៍អឺរ៉ុប ឬក៏ប្រទេសអ្នកមានមួយចំនួនដែលមានលទ្ធភាពចំណាយទៅលើអង្ករក្រអូបរបស់យើង»

ជាមួយគ្នា សហរដ្ឋអាមេរិក ក៏ជាទីផ្សារគោលធំមួយដែលកម្ពុជា នឹងចាប់យកផងដែរ ខណៈបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកបានចាប់ផ្តើមទទួលស្គាល់អង្ករកម្ពុជាហើយ ដោយសារមានការធ្វើការងាររួមគ្នារវាងរដ្ឋ និងឯកជន៕

លោកស្តាប់ការលើកឡើងបន្ថែមរបស់ លោក សុង សារ៉ន៖