(បាងកក)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងនៅថ្ងៃពុធថា សេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានរំពឹងថានឹងកើនឡើង ២,៤ភាគរយនៅឆ្នាំនេះ ធ្លាក់ចុះពីព្យាករក្នុងខែមេសាដែលថាមាន ២,៨ភាគរយ។ ការធ្លាក់ចុះនេះភាគច្រើនដោយសារតែការនាំចេញនិងការវិនិយោគសាធារណៈនៅដើមឆ្នាំនេះទាបជាងការរំពឹងទុក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយធនាគារពិភពលោកថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះនឹងត្រូវបានជំរុញដោយការចំណាយរបស់អ្នកប្រើប្រាស់ ការស្ទុះងើបឡើងវិញនៅក្នុងឧស្សាហកម្មទេសចរណ៍ និងការងើបឡើងវិញនៃការនាំចេញ។ កាលពីឆ្នាំមុន សេដ្ឋកិច្ចថៃបានកើនឡើង ១,៩ភាគរយដែលទាបជាងកំណើនសេដ្ឋកិច្ចរបស់ប្រទេសផ្សេងទៀតក្នុងតំបន់។

ធនាគារពិភពលោកបានឱ្យដឹងថា ការមកដល់របស់ភ្ញៀវទេសចរបរទេសត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣៦,១លាននាក់នៅឆ្នាំនេះ ដែលខ្ពស់ជាងចំនួន ២៨,២លាននាក់នៅឆ្នាំ២០២៣ និងជិតដល់ចំណុចខ្ពស់បំផុតដែលទទួលបានមុនពេលមានជំងឺរាតត្បាត។

យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ស្ថាប័នផ្តល់ប្រាក់កម្ចីពិភពលោកនេះបាននិយាយទៀតថា ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបនៅឆ្នាំ២០២៥ ត្រូវបានព្យាករថានឹងកើនដល់ ៤១,១លាននាក់ក្នុងឆ្នាំ២០២៥ ដែលលើសពីកម្រិតមុនពេលមានជងឺរាតត្បាតដោយសារតែភ្ញៀវទេសចរចិនវិលត្រឡប់មកវិញក្នុងចំនួនកាន់តែច្រើន។

ដោយឡែកនៅឆ្នាំ២០២៥ នេះដែរ ធនាគារពិភពលោកបានព្យាករថា កំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ២,៨ភាគរយ ដែលត្រូវបានគាំទ្រដោយតម្រូវការកាន់តែខ្លាំងឡើងនៅក្នុងប្រទេស និងក្រៅប្រទេស ក៏ដូចជាការកើនឡើងការចំណាយរបស់រដ្ឋាភិបាល។ ការព្យាករនេះត្រូវបានទម្លាក់ពីកំណើន ៣ភាគរយដែលបានព្យារកាលពីខែមេសា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕