(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) នាថ្ងៃទី៣ ខែកក្កដា ឆ្នំា២០២៤ បានរៀបចំកម្មវិធីបាឋកថារបស់លោក ហួត ពុំ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោមប្រធានបទស្ដីពីបច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា នៅមជ្ឈមណ្ឌលធុរកិច្ច។

លោក ហួត ពុំ បានលើកឡើងពីបច្ចុប្បន្នភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ពោលគឺនៅមានស្ថានភាពល្អនៅឡើយ ហើយមិនមានសញ្ញាណាដែលគួរឱ្យព្រួយបារម្ភនោះទេ។ លោកបានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើងក្នុងអត្រា៥.០ភាគរយនៅឆ្នាំ២០២៣ និងបន្តកើនឡើង៦.០ភាគរយនៅឆ្នាំ២០២៤។

លោកបានបន្តថា ការរីកចម្រើននៃវិស័យសេដ្ឋកិច្ចនេះកើតឡើងទៅបានតាមរយៈការបន្តរីកចម្រើននូវវិស័យគាំទ្រមួយចំនួន ដូចជា វិស័យកម្មន្តសាលមិនមែនកាត់ដេរបន្តរក្សកំណើនរឹងមាំដូចការរំពឹងទុក ដែលគាំទ្រដល់ការនាំចេញនិងកំណើនឧស្សាកម្មបម្រើទីផ្សារក្នុងស្រុក, វិស័យសណ្ឋាគារនិងភោជនីយដ្ឋាននៅបន្តនិន្នាការកើនឡើង ដែលគាំទ្រដល់ការកើនឡើងចំនួនទេសចរជាតិនិងអន្តរជាតិ, វិស័យកសិកម្មនឹងសម្រេចបាននូវកំណើន ដែលគាំទ្រដល់អនុវិស័យដំណាំ, រំហូរវិនិយោគមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ ជាពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ ព្រមទាំងវិស័យជាច្រើនទៀត។

លោក ហួត ពុំ បានបន្តទៀតថា នៅឆ្នាំ២០២៤នេះ ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា (GDP) មានចំនួន៤៧ពាន់លានដុល្លារ ក្នុងនោះ ចំណូលសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) មានចំនួន២,៧១៣ដុល្លារ។

គួរជម្រាបថា កម្មវិធីនេះមានការចូលរួមពីតំណាងឱ្យនិយ័តករទាំងអស់ក្រោមឱវាទរបស់ អ.ស.ហ. ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. អ្នកឧកញ៉ា ឧកញ៉ា តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម និងបុគ្គលផ្ដល់សេវាពាក់ព័ន្ធក្នុងវិស័យបរធនបាលកិច្ចដែលជាសិក្ខាកាមនៃកម្មវិធីវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិ និងកម្មវិធីអប់រំវិជ្ជាជីវៈបន្ត ក្នុងវិស័យបរធនបាលកិច្ច លើកទី៥ ផងដែរ៕